ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំង ត្រៀមរៀបចំស្តង់ពិព័ណ៌ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសិក្សា និងត្រួតពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំសាងសង់ស្តង់ពិព័ណ៌ សម្រាប់ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងសកម្មភាពការងាររបស់អង្គភាព ព្រមទាំងផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291 ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ស្តង់ពិព័ណ៌នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីសំខាន់របស់កងរាជអាវុធហត្ថ ក្នុងការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងអំឡុងពេលប្រារព្ធព្រឹត្តិការណ៍ធំៗ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតំបន់សួនស្ពាននាគ (វត្តភ្នំ) រាជធានីភ្នំពេញ ដែលរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចូលរួមយ៉ាងច្រើន។
ក្នុងឱកាសនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា ស្វែងយល់ និងចូលរួមលេងល្បែងកម្សាន្តសប្បាយៗនៅស្តង់ពិព័ណ៌ ដើម្បីទទួលបានអំណោយ និងរង្វាន់ជាច្រើនផងដែរ។













