កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង និងកងទ័ពការពារព្រំដែនខេត្តដុងណាយ ពង្រឹងកិច្ចសហការសន្តិសុខតាមព្រំដែន
ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពការពារព្រំដែនខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការការពារសន្តិសុខ សុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចទំនាក់ទំនងគ្នា និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសជំនួបសំណេះសំណាល និងផ្លាស់ប្តូរជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ភាគីទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងបង្កើនកិច្ចសហការលើវិស័យសន្តិសុខ ដើម្បីធានាឱ្យមានសុខសន្តិភាពកាន់តែប្រសើរនៅតាមបន្ទាត់ព្រំដែនកម្ពុជា–វៀតណាម។
លោកបន្ថែមថា កិច្ចសហការនេះក៏ផ្តោតសំខាន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ដូចជា ការធ្វើចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនខុសច្បាប់ជាដើម។ ជាមួយគ្នានេះ លោកក៏បានជូនពរឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ មានភាពរីកចម្រើនលើគ្រប់វិស័យ និងមានជីវភាពកាន់តែប្រសើរឡើង ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងជំនួបដូចគ្នា លោកវរៈសេនីយឯកបំរុង ដន ចោងងៀរ មេបញ្ជាការរងសេនាធិការកងទ័ពការពារព្រំដែនខេត្តដុងណាយ បានថ្លែងថា កន្លងមក ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាពិសេសនៅតាមតំបន់ព្រំដែនរវាងខេត្តស្ទឹងត្រែង និងបណ្តាខេត្តផ្សេងៗដែលជាប់ព្រំប្រទល់ជាមួយខេត្តដុងណាយ។
លោកបានបញ្ជាក់បន្ថែមថា នៅពេលបច្ចុប្បន្ន កងកម្លាំងទាំងពីរ នឹងបន្តពង្រឹងកិច្ចសហការឲ្យកាន់តែសកម្ម ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានជាក់លាក់ និងទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍ និងរក្សាសន្តិសុខនៅតាមព្រំដែន។
គួរបញ្ជាក់ថា កិច្ចសហការរវាងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរ មិនត្រឹមតែជួយរក្សាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ធ្វើឱ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរីកចម្រើនដើរទន្ទឹមគ្នា។
ដោយ៖ កុល សារត្ន័












