ក្រសួងព័ត៌មានលុបសុពលភាពបណ្ណអ្នកកាសែតម្នាក់ ក្រោយពាក់ព័ន្ធសុំលុយពីម្ចាស់សិប្បកម្ម
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសម្រេចលុបសុពលភាពបណ្ណសំគាល់ខ្លួនអ្នកកាសែតម្នាក់ និងហាមឃាត់មិនឲ្យបន្តអាជីពសារព័ត៌មាន បន្ទាប់ពីបុគ្គលនោះត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងសកម្មភាពសុំលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង។
ការសម្រេចនេះធ្វើឡើងក្រោយពីមានការបែកធ្លាយ និងចែករំលែកវីដេអូតាមបណ្ដាញសង្គម ដែលបង្ហាញថា អ្នកកាសែតរូបនោះបានធ្វើសកម្មភាពសុំប្រាក់ពីថៅកែសិប្បកម្មមួយ ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
យោងតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបសុពលភាពបណ្ណអ្នកកាសែតឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឲ្យបុគ្គលនេះបន្តប្រកបអាជីពជាអ្នកសារព័ត៌មានទៀតឡើយ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីបានបញ្ជាឲ្យអគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ធ្វើការជូនដំណឹងទៅម្ចាស់អង្គភាពពាក់ព័ន្ធ ឲ្យពង្រឹងការណែនាំដល់បុគ្គលិករបស់ខ្លួន ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជៀសវាងសកម្មភាពណាដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស័យសារព័ត៌មាន។
ក្រសួងព័ត៌មានក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ បន្តគោរពវិជ្ជាជីវៈដោយមានសុចរិតភាព និងទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីរក្សាទុកទំនុកចិត្តពីសាធារណជន។




