កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធខុសច្បាប់
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៦នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ការធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
តាមប្រភពពីកងរាជអាវុធហត្ថ បានឱ្យដឹងថា ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៧:០០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ឡុង ដាញ៉ែល អាយុ ១៨ឆ្នាំ បានអះអាងថា ខណៈពេលកំពុងជិះម៉ូតូមកដល់ទីតាំងខាងលើ ស្រាប់តែមានក្រុមក្មេងទំនើង ៦នាក់ ជិះម៉ូតូ ២គ្រឿង បានប្រើកាំបិតដេញកាប់ បណ្តាលឱ្យរូបគេដួលម៉ូតូ ហើយក្រុមជនសង្ស័យបានកាប់បំផ្លាញម៉ូតូ និងដកយកផ្លាកលេខ រួចគេចខ្លួនបាត់។
ក្រោយទទួលពាក្យបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកអនុសេនីយ៍ឯក តិល តៃលីវ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៦នាក់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យទាំង៦នាក់រួមមាន៖
១. សំ សុភា អាយុ ១៦ឆ្នាំ
២. វុត្ថា ឆេងលី ហៅ លីហ្វុង អាយុ ១៥ឆ្នាំ
៣. សិទ្ធ លឹមហេង អាយុ ១៥ឆ្នាំ
៤. ស៊ុន តួ អាយុ ១៥ឆ្នាំ
៥. ចន្ទ ហ៊ុនស៊ីង ហៅ ជីង អាយុ ១៥ឆ្នាំ
៦. ហ៊ឹម ហានហ្វា អាយុ ១៥ឆ្នាំ
ក្នុងប្រតិបត្តិការ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កាំបិតវែងដងដែក ប្រវែង ៦៣សង់ទីម៉ែត្រ ចំនួន ១ដើម កាំបិតកែច្នៃប្រវែង ៥០សង់ទីម៉ែត្រ ចំនួន ១ដើម និងម៉ូតូម៉ាកហុងដាស្កុបពី ១គ្រឿង។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា បន្ទាប់ពីការសួរនាំ ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពប្រើកាំបិតដេញកាប់ជនរងគ្រោះ និងបំផ្លាញម៉ូតូពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីនេះ បានអនុវត្តក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕








