ពិធីប្រកាសតែងតាំងមេបញ្ជាការថ្មី កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ព្រមទាំងពិធីបំពាក់ស័ក្តិ តម្លើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរមុខងារ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះ បានប្រារព្ធឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ ព្រមទាំងកងកម្លាំងជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ ព្រមទាំងបានគោរពដល់វីរភាពកងទ័ពដែលបានពលីជីវិតក្នុងការពារបូរណភាពទឹកដីកន្លងមក។
លោកមេបញ្ជាការខេត្តក៏បានថ្លែងការកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងជំរុញឲ្យបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន។
ជាក់ស្ដែង ក្នុងពិធីនេះ លោកអនុសេនីយ៍ឯក តិល តៃលីវ ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជំនួសលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ដែលត្រូវបានផ្ទេរទៅបំពេញភារកិច្ចថ្មី ជានាយសេនាធិការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីកងរាជអាវុធហត្ថ បានប្រគល់វត្ថុអនុស្សាវរីយ៍ និងជូនពរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលនឹងមកដល់ក្នុងពេលខាងមុខនេះផងដែរ៕















