ផ្សារសាមគ្គី រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីយ៉ាងអធិកអធម ទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើន រាំលេងកម្សាន្ត និងលែងល្បែងប្រជាប្រិយ តាមប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីយ៉ាងអធិកអធម និងពោរពេញដោយបរិយាកាសសាមគ្គីភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះដឹកនាំដោយលោក គុយ ចាន់ថន ប្រធានគ្រប់គ្រងផ្សារ តំណាងឱ្យគណៈកម្មការផ្សារ និងបងប្អូនអាជីវករទាំងអស់ ដោយមានការគាំទ្រពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ផុន សុផាន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង ព្រមទាំងការណែនាំពីឯកឧត្តម ហុីង ស៊ីដេត ប្រធានក្រុមការងារ និងឯកឧត្តម ថង សាម៉ុន អនុប្រធានក្រុមការងារ។
ជាមួយគ្នានេះ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងលោក គល់ យី ចៅសង្កាត់រងទី១ ក៏បានចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអភិរក្ស និងបន្តបន្ទាប់ប្រពៃណីជាតិឲ្យបានរឹងមាំ។
ក្នុងឱកាសនោះ គណៈកម្មការផ្សារ និងអាជីវករ បានសម្តែងការគោរពជូនពរ ដឹងគុណដល់វីរៈកងទ័ព និងវីរៈនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ជួរមុខ សូមឲ្យ មានសុខភាពល្អ ទទួលបានជ័យជម្នះ និងសុវត្ថិភាពគ្រប់ពេលវេលា។
គួរបញ្ជាក់ថា កម្មវិធី “សង្ក្រាន្តផ្សារសាមគ្គី” បានទាក់ទាញប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន ក្នុងបរិយាកាសសប្បាយរីករាយ ដោយមានល្បែងប្រជាប្រិយជាច្រើន ដូចជា វាយក្អម ដណ្ដើមស្លឹកឈើ និងលាក់កន្សែង ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្មែរ។
អាជីវករផ្សារសាមគ្គី ដែលបានចូលរួម បានបង្ហាញការពេញចិត្តចំពោះការរៀបចំកម្មវិធីនេះ ដោយមើលឃើញថា ជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្ស និងលើកកម្ពស់ប្រពៃណីជាតិ។
ប្រជាពលរដ្ឋនិងអាជីវករ មួយចំនួនបានលើកឡើងថា កម្មវិធីនេះធ្វើឲ្យមានអារម្មណ៍ដូចត្រឡប់ទៅកុមារភាព ខណៈអ្នកផ្សេងទៀតបានសង្កត់ធ្ងន់ថា វាជួយឲ្យយុវជនស្គាល់ និងស្រលាញ់វប្បធម៌ខ្មែរជាងមុន។
កម្មវិធីនេះ មិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋ បង្កើនសាមគ្គីភាព និងការរួបរួមក្នុងសង្គមផងដែរ៕N7

























