សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ ក្នុងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាល និងផ្ដល់អនុសាសន៍សំខាន់ៗ ដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ ដោយសង្កត់ធ្ងន់លើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។ សម្ដេចក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់ក្រុមប្រឹក្សា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាព បំពេញភារកិច្ចដោយមនសិការ និងយកចិត្តទុកដាក់ដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយភាពរីករាយ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល ចំពោះការពង្រឹងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង។
អត្ថបទ៖ កុល សារត្ន័ សហការី រស្មីញូស៍
ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦



















