លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ដឹកនាំក្រុមការងារ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសពលោកវរសេនីយ៍ទោ មាស សំភា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកវរសេនីយ៍ទោ មាស សំភា នាយរងការិយាល័យ នៃអង្គភាពតម្រួតបទបញ្ជា ដែលបានទទួលមរណភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០ (ប្រាំមួយលាន) រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសព ដើម្បីជាការចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកក្នុងការរៀបចំពិធីបុណ្យសព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសព ព្រមទាំងបានបួងសួងឱ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ មាស សំភា បានទៅកាន់សុគតិភព និងសូមឱ្យក្រុមគ្រួសារមានកម្លាំងចិត្តជម្នះនូវទុក្ខសោកដ៏ក្រៀមក្រំនេះ។














