ក្រសួងព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ មានភាពល្អប្រសើរ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ដោយបង្ហាញថា ស្ថានភាពសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរឡើង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើនអង្គភាព។
យោងតាមលទ្ធផលនៃការស្ទង់មតិនៅទូទាំងប្រទេស បានបង្ហាញថា ៨០,៨% នៃអ្នកចូលរួម ដែលតំណាងឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន បានវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ ខណៈដែល ៨៥,៨% នៃអ្នកស្ទង់មតិបានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។
ការផ្សព្វផ្សាយរបាយការណ៍នេះ ធ្វើឡើងស្របពេលនឹងទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ»។ ព្រឹត្តិការណ៍នេះក៏ជាឱកាសសំខាន់មួយសម្រាប់អ្នកសារព័ត៌មាន តួអង្គក្នុងវិស័យព័ត៌មាន និងសាធារណជន ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងយល់ដឹងច្បាស់អំពីបរិយាកាសការងារនិងលំហសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្រសួងព័ត៌មានបានបញ្ជាក់ថា លទ្ធផលនៃការស្ទង់មតិនេះ ជាភស្តុតាងសំខាន់បង្ហាញពីបរិយាកាសការងារដែលមានភាពអំណោយផល និងការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភ្ជាប់ជាមួយនឹងការពារសិទ្ធិមនុស្ស ការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរក្សាសន្តិសុខជាតិ៕











