ពលរដ្ឋសំណូមពរអាជ្ញាធរ ចុះត្រួតពិនិត្យទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញនិងឡូតូ ជាច្រើនកន្លែងក្នុង សង្កាត់ចោមចៅទី១ នឹងចោមចៅទី២
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងការព្រួយបារម្ភ និងដាក់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងនគរបាល និងអាជ្ញាធររាជធានីភ្នំពេញ ឱ្យចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដែលកំពុងបើកដំណើរការនៅតាមចំណុចមួយចំនួនក្នុងទឹកដី សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលត្រូវបានគេសង្ស័យថា មានការបើកល្បែងស៊ីសងតាមអនឡាញ និងឆ្នោតឡូតូនិងមាន់ជល់អនឡាញ។ខុសច្បាប់ មានដូចជា៖
+ ទីតាំងទី១ ស្ថិតនៅ តារាងបាល់ទះ វុត្ថា 272 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានគេរាយការណ៍ថា បើកដំណើរការមាន់ជល់អនឡាញ និងល្បែងអនឡាញគ្រប់ប្រភេទ។
+ ទីតាំងទី២ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋអះអាងថា មានសកម្មភាពល្បែងស៊ីសងឡូតូនិងមាន់ជល់អនឡាញ។
+ ទីតាំងទី៣ ភូមិថ្មគោលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ល្បែងឆ្នោតឡូតូ យ៉ាងក៏ក្រិតកក្រេង ។
÷ទីតាំងទី៤ ល្បែងស៊ីសងតាមអ៊ីនធឺណេត ឡូតូ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រៅពីនេះ នៅមានទីតាំងជាច្រើនទៀត ពាក់ព័ន្ធនឹងឡូតូ និងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់បុរីញូថោន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការបើកល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ អាចបង្កឱ្យកើតមានបញ្ហាសង្គមជាច្រើន ដូចជា ក្មេងទំនើង អំពើហិង្សា ចោរកម្ម ការប្រើប្រាស់គ្រឿងញៀន និងអសន្តិសុខក្នុងមូលដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច និងបាត់បង់ភាពកក់ក្ដៅក្នុងមូលដ្ឋាន។
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ជំពូកទី៣ ស្ដីពីទោសប្បញ្ញត្តិ មាត្រា៥ បានកំណត់ថា អ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង អាចប្រឈមនឹងការផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល និងអាចជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំទៅលើលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យចាត់កម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង និងអនុវត្តវិធានការច្បាប់លើទីតាំងទាំងនោះ។
ប្រជាពលរដ្ឋអះអាងថា ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មិនត្រឹមតែជួយរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយនោះឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាន៕N7








