អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីក្រុមក្មេងទំនើង២ក្រុម ប្រើដុំថ្ម និងដែកទីប ដេញវាយ និងគប់គ្នាទៅវិញទៅមក បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាខាងលើ។ ភ្លាមៗក្រោយទទួលព័ត៌មាន កម្លាំងអាវុធហត្ថក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវជាបន្តបន្ទាប់។
រហូតដល់វេលាម៉ោងប្រហែល ១៣ និង០៩នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមមាន៖
១- ឈ្មោះ ឃាង កា ភេទប្រុស អាយុ១៧ឆ្នាំ
២- ឈ្មោះ ចាប សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ
ការឃាត់ខ្លួននេះ ធ្វើឡើងនៅទីតាំងឃ្លាំងដាក់រថយន្តបូមលូខាងលើ ដែលជនសង្ស័យទាំង២នាក់ កំពុងសម្ងំលាក់ខ្លួន។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖
ដែកទីបមូលចំនួន១ដើម
ដែកទីបជ្រុងចំនួន៤ដើម
ដុំថ្មចំនួន៣ដុំ
និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពហិង្សាដោយប្រើដុំថ្ម និងដែកទីបគប់គ្នាប្រាកដមែន ហើយកន្លងមក ក្រុមរបស់ពួកគេធ្លាប់ធ្វើសកម្មភាពបែបនេះនៅទីតាំងខាងលើចំនួន៣លើករួចមកហើយ។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលពាក់ព័ន្ធ និងកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕







