បុរសបែកថ្នាំម្នាក់ បង្កហិង្សាលើក្រុមគ្រួសារ និងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ អន្តរាគមន៍ទាន់ពេលវេលា
ភ្នំពេញ ៖ បុរសម្នាក់មានសភាពបែកថ្នាំ បានធ្វើសកម្មភាពបង្កហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងដុតផ្ទះរបស់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនបង្កមានឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ។
បន្ទាប់ពីទទួលបានព័ត៌មានសុំកិច្ចអន្តរាគមន៍តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះបានទាន់ពេលវេលា ព្រមទាំងធ្វើការទប់ស្កាត់ និងឃាត់ខ្លួនជនបង្ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្រោយពេលហេតុការណ៍ត្រូវបានបញ្ចប់ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង និងទទួលរងការភ័យខ្លាចពីការឆេះរាលដាលទៅកាន់ផ្ទះរបស់ពួកគាត់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះជួយអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញថា ប្រសិនបើជួបហេតុការណ៍ដែលត្រូវការអន្តរាគមន៍បន្ទាន់ពីកម្លាំងអាវុធហត្ថ សូមទាក់ទងទៅលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬតាមរយៈ Telegram, WhatsApp និង CoolApp លេខ 031 5555 669 ឬអាចផ្ញើសារតាមផេកហ្វេសប៊ុក “Phnom Penh Gendarmerie” ដើម្បីទទួលបានការអន្តរាគមន៍ទាន់ពេលវេលា៕










