អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួនបាន ០៧នាក់ និងដកហូតម៉ូតូ ០៣គ្រឿង
ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ ដោយឃាត់ខ្លួនបានចំនួន ០៧នាក់ និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុកតាមវិធានការរដ្ឋបាល។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីបៃតងលេន ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមក្មេងទំនើងមួយក្រុម តែងធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កការរំខាន និងហានិភ័យដល់សុវត្ថិភាពសាធារណៈ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងអាវុធហត្ថបាននាំយកក្មេងទំនើងទាំង ០៧នាក់ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ជាមួយគ្នានេះ អាវុធហត្ថបានដកហូតម៉ូតូចំនួន ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ Hun Manet នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តវិធានការតឹងរឹងចំពោះក្មេងទំនើង ជាពិសេសករណីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ។
តាមការណែនាំនេះ ករណីប្រព្រឹត្តលើកទី១ ត្រូវដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ ខណៈការប្រព្រឹត្តលើកទី២ នឹងត្រូវរក្សាទុករយៈពេល ០៦ខែ ប្រសិនបើមិនរាងចាល និងបន្តប្រព្រឹត្តល្មើសដដែល៕




