សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តដឹកឈើខុសច្បាប់២គ្រឿង នៅ ខេត្តសៀមរាប និងព្រះវិហារ
កម្លាំងរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបន្តអនុវត្តវិធានការបង្ក្រាបបទល្មើសព្រៃឈើ ដោយឃាត់ចាប់រថយន្តដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតចំនួន២គ្រឿង នៅខេត្តសៀមរាប និងខេត្តព្រះវិហារ ព្រមទាំងដកហូតវត្ថុតាងជាច្រើន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅវេលាម៉ោង១៤ និង១៥នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានធ្វើការឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1394 សង្ស័យដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្តចំនួន១គ្រឿង និងឈើអារប្រភេទប្រណីត (ធ្នង់) ចំនួន ០,៨៣៨ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន វត្ថុចាប់យកទាំងអស់ ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែក នៅវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃដដែល ផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរវៀង ឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-3077 ដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ការឃាត់ចាប់នេះ ធ្វើឡើងនៅលើផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង, ឈើអារប្រភេទលេខ១ (ផ្ចឹក) ចំនួន ០,៨១០ម៉ែត្រត្រីគុណ, ឈើអារប្រភេទលេខ២ (ឈើទាល និងផ្តៀក) ចំនួន ៦,០៨០ម៉ែត្រត្រីគុណ និងកូនឈើមូលចំនួន៩៤ដើម។
វត្ថុចាប់យកទាំងអស់ ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការបង្ក្រាបនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ការដឹកជញ្ជូនឈើខុសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព៕








