មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ និងអំពាវនាវពលរដ្ឋចូលរួមការពារព្រៃឈើ ដើម្បីទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូន
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតឈើប្រភេទឈ្លិច ចំនួន២៦កំណាត់ ដែលជនមិនស្គាល់អត្តសញ្ញាណបានយកទៅលាក់ទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្នុងឱកាសចុះបំពេញបេសកកម្មនេះ លោក ហាស់ វិបុល បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់ ដោយលោកបានបញ្ជាក់ថា ព្រៃឈើគឺជាធនធានធម្មជាតិដ៏មានតម្លៃ និងជាប្រភពជីវិតដ៏សំខាន់សម្រាប់មនុស្ស សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។
លោកប្រធានមន្ទីរ ក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃ «ឥណទានកាបូន» ដែលអាចក្លាយជាប្រភពចំណូលថ្មីសម្រាប់សហគមន៍មូលដ្ឋាន ប្រសិនបើប្រជាពលរដ្ឋរួមគ្នាការពារព្រៃឈើឱ្យនៅគង់វង្ស។
លោកបានពន្យល់ថា ការអភិរក្សព្រៃឈើ អាចអនុញ្ញាតឱ្យកម្ពុជាលក់ឥណទានកាបូនទៅកាន់ទីផ្សារអន្តរជាតិ ហើយថវិកាដែលទទួលបាន អាចយកមកអភិវឌ្ឍសហគមន៍ ដូចជា សាងសង់ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ តាមរយៈវិស័យអភិរក្ស និងទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ លោក ហាស់ វិបុល ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានតម្រូវការដីធ្លីសម្រាប់បង្កបង្កើនផល សូមកុំធ្វើការកាប់រានដីព្រៃដោយខ្លួនឯង។ ក្នុងករណីមានតម្រូវការពិតប្រាកដ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដើម្បីឱ្យមានការពិនិត្យ និងដោះស្រាយស្របតាមនីតិវិធីច្បាប់ និងបទដ្ឋានបច្ចេកទេសជាធរមាន។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នឹងបន្តពង្រឹងវិធានការការពារធនធានធម្មជាតិ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរក្សាបាននូវភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ខេត្តប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា៕




