អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ចូលរួមកិច្ចប្រជុំពិភាក្សាលទ្ធផលសវនកម្មជាមួយ និយ័តករសន្តិសុខសង្គម
ភ្នំពេញ : នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាអនុប្រធានប្រតិភូសវនកម្ម នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំប្រតិភូសវនកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើលទ្ធផលរកឃើញសម្រាប់កម្មវិធីសវនកម្មឆ្នាំ២០២៦ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៥ ជាមួយតំណាងនិយ័តករសន្តិសុខសង្គម (ន.ស.ស.)។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោក ឡាយ សុផានិត ប្រធាននាយកដ្ឋានស្តីទីកិច្ចការទូទៅនៃ និយ័តករសន្តិសុខសង្គម អមដោយសហការីពាក់ព័ន្ធជាច្រើនរូប ដោយបានផ្តោតលើការពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធផលសវនកម្ម ក៏ដូចជាការតាមដានការអនុវត្តអនុសាសន៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាពក្នុងការបំពេញភារកិច្ចរបស់អង្គភាព។
ជាមួយគ្នានេះ ភាគីទាំងពីរ បានបង្ហាញពីកិច្ចសហការល្អ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍នៃអភិបាលកិច្ចល្អ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា ក្នុងបរិយាកាសយោគយល់ និងកិច្ចសហការល្អប្រសើរ៕




