អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ កាលពីវេលាម៉ោង ៥:១០នាទីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមសថ្លាចំនួន៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹង១គ្រឿង, ដាវសាម៉ូរៃចំនួន២ដើម, កញ្ចប់ពណ៌សម៉ាក Ferrari ចំនួន១កញ្ចប់ ដែលសង្ស័យជាសារធាតុញៀន ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យទាំង៦នាក់ រួមមាន៖
១- ឈ្មោះ កួច តង ភេទប្រុស អាយុ២៥ឆ្នាំ
២- ឈ្មោះ តាំង ហេង ភេទប្រុស អាយុ១៨ឆ្នាំ
៣- ឈ្មោះ ជឿង យ៉ាងម៉ី ភេទប្រុស អាយុ២១ឆ្នាំ
៤- ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ
៥- ឈ្មោះ លី ហួរ ភេទប្រុស អាយុ២១ឆ្នាំ
៦- ឈ្មោះ លី យី ភេទប្រុស អាយុ៣០ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕







