ក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង នឹងក្លាយជាចំណុចសំខាន់មួយក្នុងដំណើរទេសចរណ៍អន្តរជាតិ ខណៈក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន នៃកម្មវិធី “Mekong-Lancang River FAM-Trip Discovery” គ្រោងធ្វើដំណើរឆ្លងកាត់ខេត្តនេះ ឆ្ពោះទៅកាន់ប្រទេសឡាវ និងបន្តទៅខេត្តយូណាន ប្រទេសចិន។ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងក្របខណ្ឌយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦” ដោយមានការសហការរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសតំបន់មេគង្គ-ឡានឆាង។
នៅ រសៀល ថ្ងៃ ចន្ទ ខែ ឧសភា ឆ្នាំ ២០២៦ លោក អ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថាដំណើរទស្សនកិច្ចតាមក្បួនរថយន្តនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមប្រមាណពី ៥ ទៅ ១០ គ្រឿង។ ក្បួនរថយន្តនឹងចេញដំណើរពីរាជធានីភ្នំពេញ មកកាន់ក្រុងស្ទឹងត្រែងនិងស្នាក់នៅមួយយប់ថ្ងៃទី១៨ឧសភា។ក្នុងនោះក៏មានទទួលកិច្ចស្វាគមន៍យ៉ាង កក់ក្តៅបំផុត ដោយឯកឧត្តម សរ សុពុត្រា អភិបាល នៃ គណ:អភិបាលខេត្តស្ទឹងត្រែង បន្ទាប់មកក៏មាន ជូនវត្ថុអនុស្សាវរីយ៍ ជូនភ្ញៀវទេសចរណ៍ទៀតផង ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងដឹកនាំមន្ត្រីជំនាញចាំសម្របសម្រួលក្នុងដំណើរនេះ។ លោក ប្រធានមន្ទីរបានបញ្ជាក់ថាបន្ទាប់ពីស្នាក់នៅក្រុងស្ទឹងត្រែងមួយយប់លុះព្រឹកឡើងក្រុមក្បួនរថយន្តបន្តឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង មុនឆ្លងកាត់ប្រទេសឡាវ និងបន្តដំណើរទៅកាន់ប្រទេសចិន។
ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តស្ទឹងត្រែង ក៏ដូចជាប្រទេសកម្ពុជាឲ្យកាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីសក្តានុពលធម្មជាតិ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ទាក់ទាញរបស់ប្រជាជនក្នុងតំបន់។
សូមបញ្ជាក់ថាបើតាមការគ្រោងទុកនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៦ក្បួនរថយន្តទេសចរណ៍ខាងលើនេះ នឹងវិលត្រឡប់មកដល់កម្ពុជាវិញតាមច្រកអន្តរជាតិខេត្តស្ទឹងត្រែងរួចបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប៕
ដោយ ÷ កុល សារត្ន័ ថ្ងៃ ចន្ទ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ ។












