ប្រជាពលរដ្ឋស្នើអាជ្ញាធរខេត្តត្បូងឃ្មុំ ចាត់វិធានការលើទីតាំងល្បែងស៊ីសងចល័តក្នុងស្រុកអូរាំងឪ
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងពីក្តីព្រួយបារម្ភជុំវិញសកម្មភាពល្បែងស៊ីសងខុសច្បាប់ប្រភេទជល់មាន់ អាប៉ោង និងបក្សីកីឡា ដែលត្រូវបានអះអាងថា កំពុងបើកលេងជាប្រចាំនៅតំបន់ព្រៃចំការកៅស៊ូ បង្កការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងមួយចំនួន ត្រូវបានរៀបចំលេងនៅតំបន់ដាច់ស្រយាលក្នុងព្រៃចំការ ដោយមានអ្នកញៀនល្បែងធ្វើដំណើរទៅចូលរួមចាក់ភ្នាល់យ៉ាងច្រើនកុះករ។ ប្រភពដដែលអះអាងថា សកម្មភាពទាំងនេះតែងមានសម្លេងហ៊ោកញ្ជ្រៀវ និងបង្កភាពអ៊ូអរ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរតំបន់នោះមានការព្រួយបារម្ភពីបញ្ហាសន្តិសុខក្នុងការរស់នៅប្រចាំថ្ងៃ។
ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងទាំងនេះ មានការផ្លាស់ប្តូរទីតាំងជាប្រចាំ ដោយគេអះអាងថា តែងចល័តពីកន្លែងមួយទៅកន្លែងមួយក្នុងរយៈពេលប្រហែលមួយសប្តាហ៍ម្តង។ ទីតាំងដែលត្រូវបានលើកឡើងរួមមាន៖
ចំណុចចំការកៅស៊ូ អន្លង់ពោង ក្នុងឃុំទន្លេបិទ
ចំណុចចំការស្វាយចន្ទី ស្ទឹងអង្កាញ់ (ហៅ ២៧៣)
ចំណុចចំការកៅស៊ូ ត្រពាំងក្រពើ
និងតំបន់ជ្រោយអំពិល បឹងអង្កាញ់ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ប្រជាពលរដ្ឋ និងមហាជនក្នុងមូលដ្ឋាន បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្នុងស្រុកអូរាំងឪ និងខេត្តត្បូងឃ្មុំ មេត្តាចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរងការចោទប្រកាន់ទាំងនេះ ដើម្បីទប់ស្កាត់សកម្មភាពល្បែងស៊ីសងខុសច្បាប់ និងរួមចំណែករក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ មានការលើកឡើងពីមជ្ឈដ្ឋានខ្លះថា ទោះបីមានការរាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដោយ ប៉ុន្តែសកម្មភាពល្បែងស៊ីសងមួយចំនួននៅតែត្រូវបានអះអាងថា បន្តដំណើរការជាប្រចាំ។ យ៉ាងណាមិញ ការលើកឡើងទាំងនេះ គឺជាការអះអាងពីប្រភពប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធប៉ុណ្ណោះ ខណៈមិនទាន់មានការបកស្រាយ ឬប្រតិកម្មជាផ្លូវការពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
អង្គភាពព័ត៌មាន នឹងរង់ចាំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបន្ថែមឱ្យមានតុល្យភាព និងភាពច្បាស់លាស់៕









