ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ត្រីអាវុធហត្ថស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព»
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលបានស្ម័គ្រចិត្ត ចូលរួមកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព» ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតអ្នកជំងឺ និងបំពេញតម្រូវការឈាមក្នុងសង្គម។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួប ៤៩ ឆ្នាំ នៃវីរភាព និងការលះបង់ដ៏ធំធេងរបស់ ហ៊ុន សែន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងការកសាងជាតិមាតុភូមិកម្ពុជា ព្រមទាំងដើម្បីសម្ដែងនូវស្មារតីដឹងគុណ និងការចងចាំជានិច្ចចំពោះវីរភាពរបស់កងទ័ពពលីកម្ពុជា ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ។
ពិធីបរិច្ចាគឈាមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំកម្មវិធីនៅ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការចូលរួមរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញក្នុងសកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ព្រមទាំងបានចូលរួមលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលកំពុងត្រូវការឈាមជាបន្ទាន់។
សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ និងការបម្រើផលប្រយោជន៍សង្គម ស្របតាមគោលការណ៍នៃការជួយសង្គ្រោះ និងការបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់៕
















