ពលរដ្ឋស្នើអាជ្ញាធរជួយដាក់លូ និងចាក់ដីបំពេញប្រឡាយតាមបណ្ដោយផ្លូវក្បែររបងក្រុមហ៊ុនរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដាក់លូ និងចាក់ដីបំពេញប្រឡាយតាមបណ្ដោយផ្លូវជាប់របងក្រុមហ៊ុនរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលជាផ្លូវសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រឡាយដែលមានជម្រៅជ្រៅនៅតាមបណ្ដោយផ្លូវខាងលើ បានបង្កហានិភ័យដល់អ្នកធ្វើដំណើរជាញឹកញាប់ ដោយសារផ្លូវមានសភាពតូចចង្អៀត ខណៈមានរថយន្តដឹកទំនិញ និងរថយន្តកុងតឺន័រធំៗធ្វើចរាចរណ៍ឆ្លងកាត់ជាប្រចាំ។
ស្ថានភាពនេះបានធ្វើឱ្យមានករណីម៉ូតូ កង់ និងរថយន្តជ្រុលធ្លាក់ចូលប្រឡាយជាញឹកញាប់ ជាពិសេសបង្កក្តីបារម្ភចំពោះសិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀនរៀងរាល់ថ្ងៃ។
ប្រភពដដែលបានបញ្ជាក់ថា បើសិនមិនដាក់លូចាក់ដីលុបប្រឡាយទេ វាអាចបណ្ដាលឱ្យផ្លូវបេតុងមួយខ្សែនេះរង់នៅផលប៉ះពាល់ខូច នៅពេលមានរថយន្តធំៗបើកបរបញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវដ៏ចង្អៀតនេះ តែងបង្កការកកស្ទះចរាចរណ៍ និងបង្កើនហានិភ័យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវ។
កន្លងមក ក៏មានករណីសិស្ស និងប្រជាពលរដ្ឋធ្លាក់ចូលប្រឡាយផងដែរ។
ក្រោយទទួលបានព័ត៌មានពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក្រុមការងារសង្កាត់ត្រពាំងក្រសាំង ដឹកនាំដោយលោក ចាន់ ភារ៉ា ក្រុមប្រឹក្សាសង្កាត់ តំណាងឱ្យលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង រួមជាមួយសមាជិកភូមិ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃស្ថានភាព និងរាយការណ៍ ជូនថ្នាក់ដឹកនាំពាក់ព័ន្ធ ស្នើសុំគោលការណ៍អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជាពិសេស ឯកឧត្តម ឃួង ស្រេង និង លោក សក់ ច័ន្ទកញ្ញារិទ្ធ មេត្តាជួយពន្លឿនការដាក់លូ និងចាក់ដីបំពេញប្រឡាយខាងលើ ដើម្បីពង្រីកផ្លូវ ធានាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋាន សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ៕






