កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាល និងប្រគល់អំណោយជូនយោធិនចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី-មរណៈ អបអរខួបលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ
ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ដែលប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិនពលី-មរណៈ ជាពិសេសអ្នកដែលជួបការលំបាកក្នុងជីវភាព។ ឯកឧត្តមក៏បានណែនាំឱ្យគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំជួបសំណេះសំណាល និងផ្តល់ការយកចិត្តទុកដាក់ដល់បងប្អូនជារៀងរាល់ឆ្នាំ ដោយមិនបោះបង់ចោលក្នុងកាលៈទេសៈណាមួយឡើយ។
ជាមួយគ្នានេះ លោកមេបញ្ជាការ ក៏បានអានសារលិខិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ជូនដល់នាយទាហាន និងនាយទាហានរងទាំងអស់ ដើម្បីជ្រាប និងបន្តប្តេជ្ញាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
លោក ឧត្តមសេនីយ៍ត្រី សេង សុភាព បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ការខិតខំបំពេញតួនាទី និងភារកិច្ចរបស់នាយ នាយរងអាវុធហត្ថទាំងអស់ ជាពិសេសអាវុធហត្ថដែលបានចូលសោធននិវត្តន៍ ដែលបានរួមចំណែកក្នុងការអនុវត្តច្បាប់ ថែរក្សាសន្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកសាងកិត្តិយសជូនអង្គភាព រហូតទទួលបានការជឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បាននាំយកអំណោយ និងថវិការបស់ថ្នាក់ដឹកនាំ ប្រគល់ជូនយោធិនចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី-មរណៈ ចំនួន ២២នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១បេ (២៥គីឡូក្រាម) មី ១កេស ទឹកក្រូចវីកូឡា ២យួរ និងថវិកា ១០០,០០០រៀល។
ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងយោធិន និងគ្រួសារយោធិនចូលសោធននិវត្តន៍ជាច្រើនរូបផងដែរ។
ដោយ៖ កុល សារត្ន័ សហការី អង្គភាពសារព័ត៌មាន រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង




















