អាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថាប្រកបអាជីវកម្មទិញ-លក់មាសតាមអនឡាញ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថាប្រកបអាជីវកម្មទិញ-លក់មាសតាមអនឡាញ

 អាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថាប្រកបអាជីវកម្មទិញ-លក់មាសតាមអនឡាញ


ខេតបាត់ដំបង៖ ស្ត្រីអាជីវករលក់មាសម្នាក់នៅផ្សារណាត់ ខេត្តបាត់ដំបង បានចេញមុខបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា គាត់ប្រកបអាជីវកម្មទិញ-លក់មាសតាមប្រព័ន្ធអនឡាញ ដោយអះអាងថា គាត់មានហាងលក់មាសពិតប្រាកដ និងប្រកបអាជីវកម្មស្របច្បាប់ជាយូរមកហើយ។

ស្ត្រីឈ្មោះ ទី ម៉ីយ៉ាវ បានឱ្យដឹងថា ដំបូងឡើយ គាត់មិនធ្លាប់ស្គាល់លោក នាក់ ង៉យ នោះទេ។ ក្រោយមក តាមរយៈអ្នកលក់មាសនៅខេត្តប៉ៃលិន លោក នាក់ ង៉យ បានទាក់ទងមកគាត់តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីទិញមាស។ ការជួញដូរលើកដំបូងមានចំនួន ១០ដំឡឹង ហើយដោយសារតម្លៃមាសប្រែប្រួលឆាប់រហ័ស គាត់បានតម្រូវឱ្យអតិថិជនកក់ប្រាក់ចំនួន ១,០០០ដុល្លារអាមេរិក មុនពេលប្រគល់មាស។

អ្នកស្រីបញ្ជាក់ថា បន្ទាប់មក ភាគីទាំងពីរបានជួបគ្នាផ្ទាល់ ដោយអតិថិជនបានមកទទួលមាស និងទូទាត់ប្រាក់គ្រប់ចំនួនតាមការព្រមព្រៀង។ ក្រោយមក លោក នាក់ ង៉យ បានបន្តទិញមាសជាបន្តបន្ទាប់ ដើម្បីធ្វើការជួញដូរតាមហាងឆេងមាស ហើយនៅពេលតម្លៃមាសកើនឡើង គាត់ក៏បានទូទាត់ប្រាក់ចំណេញជូនអតិថិជនត្រឹមត្រូវ។

អ្នកស្រីអះអាងថា ហាងរបស់គាត់មានទីតាំងពិតប្រាកដនៅផ្សារណាត់ ខេត្តបាត់ដំបង ក្រោមយីហោ «ជាងស៊្រានដេញមាស (ស៊្រាងប៉ូលីន)» និងជាមុខរបរបន្តពីក្រុមគ្រួសារតាំងពីដើមមក មិនមែនជាការបោកប្រាស់ ឬប្រកបអាជីវកម្មតាមអនឡាញដូចការចោទប្រកាន់នោះឡើយ។

តាមការបំភ្លឺដដែល បានឱ្យដឹងថា ក្រោយមក លោក នាក់ ង៉យ បានបញ្ជាទិញមាសក្នុងបរិមាណកាន់តែច្រើន រហូតដល់ ១០០ដំឡឹង ២០០ដំឡឹង និង៣០០ដំឡឹង។ ដោយសារតម្លៃមាសធ្លាក់ចុះខ្លាំង ធ្វើឱ្យការជួញដូរខាតបង់យ៉ាងច្រើន។ អ្នកស្រីបានស្នើឱ្យអតិថិជនបន្ថែមប្រាក់កក់ ដើម្បីរក្សាស្ថានភាពជួញដូរ ប៉ុន្តែភាគីម្ខាងទៀតមិនបានអនុវត្តតាមការស្នើសុំឡើយ។

អ្នកស្រីបន្តថា ក្រោយពីការទាក់ទងទារបំណុលមិនទទួលបានលទ្ធផល គាត់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើសុំឱ្យមានការដោះស្រាយតាមនីតិវិធីច្បាប់ ដោយមានគោលបំណងទាមទារប្រាក់ដែលអះអាងថាត្រូវភាគីម្ខាងទៀតជំពាក់ត្រឡប់មកវិញ។

ជុំវិញការចោទប្រកាន់ថា ប្រកបអាជីវកម្មទិញ-លក់មាសតាមប្រព័ន្ធអនឡាញ អ្នកស្រីបានបដិសេធយ៉ាងដាច់ខាត និងបញ្ជាក់ថា ការជួញដូររបស់គាត់ធ្វើឡើងតាមហាងលក់មាសដែលមានទីតាំងពិតប្រាកដ និងមានអាជីវកម្មស្របច្បាប់នៅខេត្តបាត់ដំបង។

ដោយឡែក លោក នាក់ ង៉យ ដែលអះអាងថាខ្លួនជាជនរងគ្រោះ បានបញ្ជាក់ថា ការជួញដូរហាងឆេងមាសដែលលោកបានធ្វើ គឺមិនមានការប្រគល់មាសជាក់ស្តែងនោះទេ ប៉ុន្តែជាការជួញដូរតាមប្រព័ន្ធអនឡាញ។ លោកបានបញ្ជាក់ថា នឹងចូលបំភ្លឺតាមនីតិវិធីច្បាប់នាពេលខាងមុខ ដើម្បីស្វែងរកដំណោះស្រាយលើវិវាទនេះ។

សូមបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ ហើយការលើកឡើងខាងលើជាការអះអាងរបស់ភាគីពាក់ព័ន្ធរៀងៗខ្លួនប៉ុណ្ណោះ។ លទ្ធផលចុងក្រោយនៃសំណុំរឿង នឹងអាស្រ័យលើការសម្រេចរបស់តុលាការមានសមត្ថកិច្ច៕






Post a Comment (0)
Previous Post Next Post