អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង ចុះផ្សព្វផ្សាយដល់ម្ចាស់ហាងការ៉ាអូខេចំនួន៧ទីតាំង មិនឱ្យជួលកុមារក្រោមអាយុ១៨ឆ្នាំមកបម្រើការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៣៖០០នាទី លោក ចាន់ ភារ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង តំណាងលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានសហការជាមួយអង្គការម៉ារីសុី និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ហាងការ៉ាអូខេចំនួន៧ទីតាំង មិនត្រូវយកកុមារក្រោមអាយុ១៨ឆ្នាំមកបម្រើការងារ។
ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅតាមហាងការ៉ាអូខែដែលស្ថិតក្នុងភូមិត្រពាំងទា និងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងបទល្មើសពាក់ព័ន្ធផ្សេងៗ។
ក្នុងសកម្មភាពនេះ ក៏មានការចូលរួមពីក្រុមការងារសង្កាត់ ប្រជាការពារសង្កាត់ មេភូមិត្រពាំងទា មេភូមិត្រពាំងក្រសាំង អនុប្រធាន សមាជិក និងប្រជាការពារភូមិផងដែរ។
ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងកម្សាន្តទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យអត្តសញ្ញាណ និងអាយុរបស់បុគ្គលិក ជាពិសេសក្មេងស្រីជំទង់ៗ មុនពេលទទួលចូលបម្រើការងារ ព្រមទាំងចៀសវាងការរៀបចំ ឬចាត់ចែងកុមារ និងអនីតិជនឱ្យបម្រើសេវាផ្លូវភេទ ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
ជាមួយគ្នានេះ ក្រុមការងារក៏បានពន្យល់អំពីសញ្ញាណ និងសកម្មភាពដែលអាចពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដូចជា ទីតាំងដែលមានក្មេងស្រីជំទង់ៗបម្រើការងារ ដោយមិនមានការត្រួតពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណ ទីតាំងដែលមានបន្ទប់ពិសេសងាយស្រួលប្រព្រឹត្តអំពើពេស្យាចារ ផ្ទះសំណាក់ ឬសណ្ឋាគារដែលមិនបានពិនិត្យអត្តសញ្ញាណភ្ញៀវ និងទីតាំងកម្សាន្តដែលរៀបចំ ឬចាត់ចែងកុមារឱ្យបម្រើសេវាផ្លូវភេទ។
ក្រុមការងារបានបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងសញ្ចារកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ អាចប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់យ៉ាងធ្ងន់ធ្ងរ រួមមាន៖
- បទល្មើសសញ្ចារកម្ម អាចជាប់ពន្ធនាគារពី៧ឆ្នាំទៅ១០ឆ្នាំ
- សញ្ចារកម្មពាក់ព័ន្ធនឹងពេស្យាចារកុមារ អាចជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ
- សញ្ចារកម្មដោយមានការធ្វើទារុណកម្ម អាចជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ
- ការផ្តល់ទីកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ អាចជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ
- ការអូសទាញកុមារឱ្យប្រព្រឹត្តពេស្យាចារជាមុខរបរ អាចជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ
- ការទិញពេស្យាចារកុមារក្រោមអាយុ១៨ឆ្នាំ អាចជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ
- ចំពោះកុមារក្រោមអាយុ១៥ឆ្នាំ អាចប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ។
ការចុះផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន។
ប្រជាពលរដ្ឋដែលជួបប្រទះ ឬមានព័ត៌មានពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស អាចរាយការណ៍តាមលេខទូរសព្ទបន្ទាន់ ១២៨៨ ដើម្បីទទួលបានការអន្តរាគមន៍។ សម្រាប់ជនបរទេស អាចទំនាក់ទំនងតាមលេខ ០៣១ ២០១២៣៤៥ / ០៣១ ៦០ ១២៣៤៥។ ចំពោះករណីពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ អាចទំនាក់ទំនងតាម Hotline Scam លេខ ១២៤៥ ឬនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមលេខ ០២៣ ៧២ ៦៨ ២២។











.jpg)


