អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន៣ករណីផ្សេងគ្នា
ភ្នំពេញ៖ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌ៧មករា បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៣ករណីផ្សេងគ្នា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងចំណោមជនសង្ស័យទាំង៨នាក់ មានចំនួន៦នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យ២នាក់ទៀត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែ និងផ្តាច់សារធាតុញៀន។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទាំង៣ករណី រួមមាន៖
ករណីទី១៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់ជួលមួយកន្លែងទៀត ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន ក្រាមសថ្លាចំនួន១០កញ្ចប់ ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ ដាវកែច្នៃចំនួន១ និងសម្ភារមួយចំនួនទៀត។
ករណីទី២៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានរាយការណ៍ថា មានបុរសម្នាក់ឈ្មោះ គង់ ណារ៉ុង អាយុ៣៤ឆ្នាំ មានសភាពសង្ស័យបែកថ្នាំ បានធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅផ្ទះលេខ១៣៥E២ ផ្លូវលេខ២១៧ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ករណីទី៣៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ប្រជាពលរដ្ឋបានរាយការណ៍ថា មានបុរសម្នាក់ឈ្មោះ ម៉ម វិសាល អាយុ៣៨ឆ្នាំ មានសភាពសង្ស័យបែកថ្នាំ បានធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅផ្ទះលេខ០៣៣ ផ្លូវលេខ៣១BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីទាំង៣ ត្រូវបានអនុវត្តតាមនីតិវិធីពាក់ព័ន្ធ៕











