ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពកម្លាំងជំនាញ ក្នុងការបង្ក្រាបបទល្មើស និងប្រមូលព័ត៌មាន

 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំពង្រឹងសមត្ថភាពកម្លាំងជំនាញ ក្នុងការបង្ក្រាបបទល្មើស និងប្រមូលព័ត៌មាន


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់មួយ ស្តីពីការពង្រឹងសមត្ថភាពជំនាញក្នុងការបង្ការ និងបង្ក្រាបបទល្មើស ព្រមទាំងការប្រមូលព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំ និងរំលឹកដល់កម្លាំងជំនាញឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តវិន័យ សណ្តាប់ធ្នាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការបង្ការ បង្ក្រាប និងសង្គ្រោះ ដើម្បីចូលរួមធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។


លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពជំនាញ និងប្រសិទ្ធភាពការងាររបស់កម្លាំង គឺជាកត្តាចាំបាច់ក្នុងការទប់ស្កាត់ និងដោះស្រាយបទល្មើសគ្រប់ប្រភេទ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។


កិច្ចប្រជុំនេះ ក៏បានពិភាក្សាលម្អិតអំពីយុទ្ធសាស្ត្រ និងបច្ចេកទេសថ្មីៗ ក្នុងការប្រមូល វិភាគ និងប្រើប្រាស់ព័ត៌មានសន្តិសុខ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការវិវត្តន៍នៃបទល្មើសនានា។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជំរុញឱ្យកម្លាំងជំនាញទាំងអស់ បង្កើនការយកចិត្តទុកដាក់លើការងារស៊ើបអង្កេត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលកំពុងមានការវិវត្តន៍កាន់តែស្មុគស្មាញ៕