អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ពាក់ព័ន្ធនឹង ០៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំង ០៣នាក់ ទៅតាមនីតិវិធីច្បាប់ ក្នុងនោះមានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។
ករណីទី១ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណុល ច័ន្ទតារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ ១៥ឆ្នាំ។
ករណីទី២ នៅវេលាម៉ោង ៥:១០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ប្រជាពលរដ្ឋបានរាយការណ៍ពីករណីបុរសម្នាក់ឈ្មោះ អ៊ុង សៅដា ភេទប្រុស អាយុ២៥ឆ្នាំ មានសភាពបែកថ្នាំ អុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅចំណុចផ្លូវបេតុង ភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំខណ្ឌដង្កោ បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនបង្ក បញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន ស្រុកកណ្ដាលស្ទឹង។
ករណីទី៣ នៅវេលាម៉ោង ៦:៥០នាទីល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ប្រជាពលរដ្ឋបានរាយការណ៍ពីករណីបុរសម្នាក់ឈ្មោះ វ៉ន ប្រុសពៅ ភេទប្រុស អាយុ២៧ឆ្នាំ មានសភាពបែកថ្នាំ អុកឡុក និងបង្កហិង្សាក្នុងគ្រួសារ នៅបន្ទប់ជួលលេខ២៣ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំខណ្ឌកំបូល បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបង្ក ព្រមទាំងដកហូតវត្ថុតាង រួមមាន ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច ដបសម្រាប់ជក់គ្រឿងញៀនចំនួន ០១ និងពូថៅដៃចំនួន ០១។
ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៕









