រួមគ្នាអភិរក្សពូជត្រីកម្រ! ខេត្តស្ទឹងត្រែង ប្រលែងកូនត្រីជាង ២០ម៉ឺនក្បាល ដើម្បីស្តារធនធានជលផលសម្រាប់មនុស្សជំនាន់ក្រោយ

 🐟 រួមគ្នាអភិរក្សពូជត្រីកម្រ! ខេត្តស្ទឹងត្រែង ប្រលែងកូនត្រីជាង ២០ម៉ឺនក្បាល ដើម្បីស្តារធនធានជលផលសម្រាប់មនុស្សជំនាន់ក្រោយ


ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមថែរក្សា និងស្តារឡើងវិញនូវធនធានជលផល ជាពិសេសពូជត្រីកម្រ និងត្រីដែលមានតម្លៃសេដ្ឋកិច្ច ខេត្តស្ទឹងត្រែងបានរៀបចំកម្មវិធីប្រលែងកូនត្រីជាង ២០០,០០០ក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិ នៅតំបន់ ទន្លេសេកុង កំពង់សាឡាងលំហបៃតង ក្រុងស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការប្រលែងកូនត្រីនាពេលនេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិរក្ស និងស្តារពូជត្រីកម្រ ក៏ដូចជាបង្កើនធនធានជលផលក្នុងដែនទឹកធម្មជាតិឱ្យកាន់តែសម្បូរបែប។
លោកបានបន្តថា ការអភិរក្សធនធានជលផលមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នជំនាញតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍នេសាទ ដើម្បីធានាថាធនធានត្រីអាចបន្តមានសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមថែរក្សា និងការពារធនធានជលផលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវជៀសវាងការនេសាទដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ និងការនេសាទក្នុងតំបន់អភិរក្ស ឬក្នុងរដូវបិទនេសាទ។
ឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបចូលរួមការពារ និងអភិរក្សធនធានធម្មជាតិបានល្អ នោះពូជត្រីកម្រ និងធនធានជលផលនឹងអាចបន្តកើនឡើង និងមានភាពសម្បូរបែប ដូចកាលពីសម័យមុន ដែលធនធានត្រីនៅក្នុងទន្លេ និងដែនទឹកធម្មជាតិមានច្រើន។
ក្នុងកម្មវិធីនេះផងដែរ លោក ចាន់ ដារ៉េត តំណាងក្រុមហ៊ុនទឹកបរិសុទ្ធ ហ្គេន ស្បឿត បានចូលរួមឧបត្ថម្ភកូនត្រីគ្រប់ប្រភេទ សម្រាប់ចូលរួមស្តារ និងអភិរក្សធនធានជលផលនៅខេត្តស្ទឹងត្រែង ដោយមានការប្រលែងនៅចំនួន ២ទីតាំង សរុបជិត ២០០,០០០ក្បាល។
ការប្រលែងកូនត្រីនេះ គឺជាសារដ៏សំខាន់មួយបង្ហាញពីការចូលរួមរបស់គ្រប់ភាគីក្នុងការថែរក្សាធនធានធម្មជាតិ។ ដូច្នេះ ដើម្បីឱ្យពូជត្រីដ៏កម្រទាំងនេះអាចរស់រាន និងកើនចំនួនបានល្អ សូមបងប្អូនប្រជាពលរដ្ឋ «ជួយជិះឱ្យឆ្ងាយពីការនេសាទខុសច្បាប់» និងចូលរួមការពារដែនអភិរក្ស ជាពិសេសក្នុងរដូវបិទនេសាទ។
👉 រក្សាត្រីថ្ងៃនេះ គឺរក្សាអាហារ និងជីវភាពសម្រាប់កូនចៅយើងនៅថ្ងៃអនាគត។
ខេត្តស្ទឹងត្រែង៖ រួមគ្នាអភិរក្សថ្ងៃនេះ ដើម្បីឱ្យទន្លេសម្បូរត្រីសម្រាប់មនុស្សជំនាន់ក្រោយ។
អត្ថបទ ÷ កុល សារត្ម័ សហការីសារព័ត៌មានរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។