ទឹកចិត្តសមរភូមិក្រោយ៖ អាជីវករផ្សារពំពុយ និងសប្បុរសជន រួមគ្នានាំយកអំណោយជូនកងទ័ពនៅសមរភូមិបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ បងប្អូនអាជីវករនៅផ្សារពំពុយ ខេត្តបាត់ដំបង រួមជាមួយលោក ចាន់ វន់ តំណាងឯកឧត្តម គង់ ម៉ាស ព្រមទាំងលោក ព្រំ បៀន លោក លី ឈៀង លោក តូនី លោក ចាន់ រី និងព្រះសង្ឃចំនួន៣អង្គ បានរួមគ្នានាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈជាច្រើន ទៅជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចឈរជើងការពារជាតិ និងប្រជាពលរដ្ឋនៅសមរភូមិបាត់ដំបង។
ក្នុងសកម្មភាពនេះ សប្បុរសជន និងបងប្អូនអាជីវករបានចូលរួមឧបត្ថម្ភបន្លែប្រមាណ ៧តោន រួមមានត្រី សាច់ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីចែករំលែកក្តីស្រឡាញ់ និងផ្តល់កម្លាំងចិត្តដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិ។
ជាមួយគ្នានេះ លោក ព្រំ បៀន ក៏បានឧបត្ថម្ភត្រីចំនួន ៦០គីឡូក្រាម ជូនដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិ។
លោក ចាន់ វន់ បានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈទាំងអស់នេះ គឺបានមកពីទឹកចិត្តសប្បុរស និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយ ជាពិសេសបងប្អូនអាជីវករនៅផ្សារពំពុយ ខេត្តបាត់ដំបង ដែលបានរួមចំណែកតាមលទ្ធភាព ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ។
ការចូលរួមឧបត្ថម្ភនាពេលនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការគាំទ្ររបស់ប្រជាពលរដ្ឋពីសមរភូមិក្រោយទៅកាន់សមរភូមិមុខ។
ទោះបីជាអំណោយមានទំហំតូច ឬធំក្តី ក៏សុទ្ធតែមានតម្លៃ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កងទ័ព ដែលកំពុងលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចការពារជាតិ ប្រជាពលរដ្ឋ និងសន្តិភាព។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតី «សមរភូមិមុខរឹងមាំ ព្រោះមានសមរភូមិក្រោយនៅពីក្រោយ» ដែលជាការលើកទឹកចិត្តដ៏មានតម្លៃចំពោះកងទ័ពជួរមុខ និងជាការបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រកងកម្លាំងដែលកំពុងបំពេញបេសកកម្ម។
អត្ថបទ៖ កុល សារត្ន័
សហការី អង្គភាពរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង









