អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងវាយបំផ្លាញម៉ូតូ
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ មានករណីក្រុមក្មេងទំនើងចំនួន ០២ក្រុម ជិះម៉ូតូជាច្រើនគ្រឿង និងបានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក នៅចំណុចស្ថានីយប្រេង TOTAL ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងហេតុការណ៍នេះ ក្រុមក្មេងទំនើងបានប្រើប្រាស់វត្ថុផ្សេងៗ ដូចជា ដាវ ដុំថ្ម ដងឆ័ត្រ និងដំបង ព្រមទាំងវាយបំផ្លាញម៉ូតូរបស់ភាគីគូទំនាស់ បង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គម កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនពាក់ព័ន្ធជាបន្តបន្ទាប់។
រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនក្មេងទំនើងក្រុមទី១ ចំនួន ០៥នាក់ រួមមាន៖
១. ឈ្មោះ អេង ប្រុសដេត ភេទប្រុស
២. ឈ្មោះ ភូ សុភាវូធំ ភេទប្រុស
៣. ឈ្មោះ គឹម សុខហេង ភេទប្រុស
៤. ឈ្មោះ ចំរើន សំណាង ភេទប្រុស
៥. ឈ្មោះ នឹម រិទ្ធានុត ភេទប្រុស
ជនសង្ស័យទាំង ០៥នាក់ ត្រូវបាននាំខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង ០៥នាក់ បានសារភាពថា ពួកខ្លួនពិតជាមានពាក់ព័ន្ធនឹងអំពើហិង្សាដូចការរៀបរាប់ខាងលើ។
បច្ចុប្បន្ន ក្មេងទំនើងទាំង ០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






