កាមេរ៉ាសុវត្ថិភាពបង្ហាញសត្វខ្ទីងមួយក្បាលដាច់ជើង ដោយសារអន្ទាក់វាត់នៅក្នុងព្រៃសហគមន៍ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ រូបភាពដ៏គួរឱ្យស្លុតចិត្តមួយ ដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាពដាក់នៅក្នុងតំបន់ព្រៃសហគមន៍ ខេត្តស្ទឹងត្រែង បានបង្ហាញឱ្យឃើញសត្វខ្ទីងមួយក្បាលរងរបួសធ្ងន់ ដោយដាច់ជើងមុខខាងស្តាំម្ខាង ដែលគេសង្ស័យថាបណ្តាលមកពីការជាប់អន្ទាក់វាត់របស់ជនល្មើសលួចដាក់ក្នុងព្រៃ ដើម្បីចាប់សត្វព្រៃ។
រូបភាពនេះត្រូវបានរកឃើញក្នុងអំឡុងពេលក្រុមមន្ត្រី និងសហគមន៍ចុះល្បាត ដោះអន្ទាក់ និងពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព នៅក្នុងព្រៃសហគមន៍ភ្នំប្រជុំមិត្ត និងព្រៃសហគមន៍ជាំពេជ្រ ក្នុងខេត្តស្ទឹងត្រែង។
លោក ហ៊ុន សំអឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ករណីសត្វខ្ទីងរងគ្រោះនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភចំពោះស្ថានភាពសត្វព្រៃ ដែលកំពុងប្រឈមនឹងការគំរាមកំហែងពីការដាក់អន្ទាក់ខុសច្បាប់។
លោកបន្តថា សត្វខ្ទីងមួយក្បាលនេះ ក្នុងចំណោមសត្វព្រៃជាច្រើនក្បាលទៀត បានដើរជាន់ចំអន្ទាក់វាត់ដែលជនសង្ស័យធ្វើពីខ្សែកាប និងលាក់ទុកនៅកណ្តាលព្រៃ។ អន្ទាក់បានវាត់ជាប់សត្វអស់រយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យវារងរបួសធ្ងន់រហូតដល់ដាច់ជើង ដូចដែលបានបង្ហាញក្នុងរូបភាពពីកាមេរ៉ាសុវត្ថិភាព។
លោក ហ៊ុន សំអឿន បានបញ្ជាក់ថា បច្ចុប្បន្ន សត្វព្រៃកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយសារការលួចដាក់អន្ទាក់នៅក្នុងព្រៃ។ ក្នុងសកម្មភាពចុះល្បាតកន្លងមក ក្រុមការងារបានរកឃើញ និងដោះយកអន្ទាក់សត្វព្រៃជាង ៣០០អន្ទាក់ ព្រមទាំងរកឃើញកាំភ្លើងកែច្នៃចំនួន ៣ដើម ដែលជនសង្ស័យបានលាក់ទុកក្នុងព្រៃ សម្រាប់ប្រើប្រាស់ក្នុងការបរបាញ់សត្វព្រៃ។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ជាពិសេសសត្វព្រៃនៅក្នុងតំបន់ព្រៃសហគមន៍ ព្រោះសត្វព្រៃមួយចំនួនកំពុងប្រឈមនឹងការថយចុះ និងការបាត់បង់ពូជ ប្រសិនបើមិនមានការចូលរួមការពារឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ភុយ ចិត្រ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល និងជាតំណាងប្រជាសហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បានលើកឡើងថា ព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់សហគមន៍ មានសក្តានុពលយ៉ាងសំខាន់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងអាចចូលរួមបម្រើដល់វិស័យទេសចរណ៍បានផងដែរ។
លោកបន្តថា អត្ថប្រយោជន៍ទាំងនេះបានជំរុញឱ្យប្រជាពលរដ្ឋក្នុងសហគមន៍មានការយល់ដឹង និងចូលរួមកាន់តែសកម្មក្នុងការការពារព្រៃឈើ ទប់ស្កាត់ការដាក់អន្ទាក់ និងអភិរក្សសត្វព្រៃ។ ការការពារធនធានធម្មជាតិនាពេលបច្ចុប្បន្ន គឺជាកាតព្វកិច្ចរួមរបស់សហគមន៍ ដើម្បីរក្សាទុកធនធានដ៏មានតម្លៃទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថា៖ ការរៀបចំដាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់ព្រៃសហគមន៍នេះ ត្រូវបានអនុវត្តដោយរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា-សេប៉ា (CEPA) តាមរយៈការអនុវត្តគម្រោង រេដបូកមេគង្គ ជំហានទី១ ខេត្តស្ទឹងត្រែង ក្នុងគោលបំណងតាមដានសកម្មភាពខុសច្បាប់ និងរួមចំណែកការពារ អភិរក្សធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍ភ្នំប្រជុំមិត្ត និងព្រៃសហគមន៍ជាំពេជ្រ ដែលស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដោយ៖ កុល សារត្ន័
សហការី រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

















