ទីតាំងបូមខ្សាច់ចំនួន២នៅខេត្តស្ទឹងត្រែងត្រូវបានបិទការធ្វើអាជីវកម្ម
ខេត្តស្ទឹងត្រែង-ទីតាំងបូមខ្សាច់ចំនួន១កន្លែងនៅស្រុកសៀមបូក និងមួយកន្លែងបំរុងធ្វើនៅសង្កាត់ព្រះបាទក្រុងស្ទឹងត្រែង ត្រូវអាជ្ញាធរមានសមត្ថកិច្ចបិទ ការធ្វើអាជីវកម្មដោយពិនិត្យឃើញថាបានបង្កផលប៉ះពាល់ដល់ធនធានជីវចម្រុះក្នុងទឹក ជម្រកមច្ឆជាតិនិងសត្វផ្សោតផងដែរ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីបទដ្ឋានគតិយុត្តិ យន្តការគ្រប់គ្រង និងបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៦ ឯកឧត្តមអាន.ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧត្តុនិយម មានប្រសាសន៍ថា បងប្អូនម្ចាស់អាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណ អាជីវកម្មខ្សាច់គ្រប់ប្រភេទត្រូវអនុវត្ត ចំពោះតំបន់ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មតែប៉ុណ្ណោះ និងផ្អែកតាមលទ្ធផលវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន។
ឯកឧត្តមមានប្រសាសន៍ទៀតថា ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ដែលមានមន្ទីររ៉ែនិងថាមពល មន្ទីរធនធានទឹកនិងឧត្តុនិយមប្រចាំនៅតាមខេត្ត ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងតាមដានរាល់ការធ្វើអាជីវកម្មធនធានទាំងនោះ ដើម្បីចៀសវាងកុំឱ្យមានហានីភ័យណាមួយកើតឡើង ដូចជាការបាក់ច្រាំងបង្កជាគ្រោះមហន្តរាយ។
លោកព្រំវណ្ណៈអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ដែរថា ការធ្វើអាជីវកម្មខ្សាច់នេះសូមឲ្យបងប្អូនម្ចាស់អាជីវកម្មទាំងអស់អនុវត្ត ទៅតាមលិខិតបទដ្ឋានឲ្យបានត្រឹមត្រូវ ដើម្បី ផ្ដល់នូវផលប្រយោជន៍រួម និងបានរួមគ្នាជំរុញដល់ការអភិវឌ្ឍផ្នែកសំណង់ និងបានផ្តល់ការបង់ពន្ធជូនរដ្ឋផង។
លោកលំសិរីគត់ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានបញ្ជាក់ថា៖រាល់ការធ្វើអាជីវកម្មខ្សាច់នៅខេត្តស្ទឹងត្រែងមន្ទីរតែងធ្វើកិច្ចសហការជាមួយមន្ទីររ៉ែនិងថាមពល មន្ទីរបរិស្ថានចុះពិនិត្យគ្រប់ទីតាំងទាំងអស់ និងបានធ្វើការណែនាំផ្តល់គ្រប់បច្ចេកទេសដើម្បីឱ្យម្ចាស់ធ្វើអាជីវកម្មអនុវត្តឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងនិតិវិធី ។
សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានកន្លែងធ្វើអាជីវកម្មបូមខ្សាច់ចំនួន៨កន្លែងខ្នាតធំ៣ខ្នាតតូច៥ ហើយមួយកន្លែងស្ថិតនៅទន្លេសេសាន ក្នុងឃុំសាមឃួយបានដាក់បន្លាយទុយោបូមខ្សាច់កាត់តាមផ្ទៃទឹកបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទូកដឹកកសិផលពេលយប់មកកាន់ទីផ្សារ និងបង្កហានីភ័យដល់ក្រុមល្បាតអភិរក្សត្រីមេពូជផងដែរ។
ដោយ ÷ កុល សារត្ន័ ស្ទឹងត្រែងថ្ងៃទី១៩សីហា២០២៦












