ខេត្តស្ទឹងត្រែង បើកយុទ្ធនាការបាញ់ថ្នាំ និងដាក់ថ្នាំអាបែត ដើម្បីបង្ការជំងឺគ្រុនឈាម
ខេត្តស្ទឹងត្រែង ៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការឆ្លើយតបបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតក្នុងទឹកពាង និងកន្លែងដែលអាចជាប្រភពដង្កូវមូស នៅតំបន់ជនបទក្នុងខេត្ត។
យុទ្ធនាការនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគោលបំណងកាត់បន្ថយការកើនឡើងនៃជំងឺគ្រុនឈាម និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិធីការពារជំងឺនេះ។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សកម្មភាពនេះមិនត្រឹមតែជាការបាញ់ថ្នាំ និងដាក់ថ្នាំអាបែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋានរបស់ខ្លួនផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថា តំបន់ដែលមានព្រៃក្រាស់ ស្មៅដុះច្រើន និងបរិស្ថានមិនស្អាត អាចក្លាយជាជម្រករបស់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ដូច្នេះ ប្រជាពលរដ្ឋគួរចូលរួមកម្ចាត់ប្រភពទឹកដក់ និងរក្សាអនាម័យជុំវិញផ្ទះឱ្យបានស្អាតជាប្រចាំ។
លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង មានករណីជំងឺគ្រុនឈាមសរុបចំនួន ៧៣៣ករណី ដែលជាហេតុធ្វើឱ្យមន្ទីរសុខាភិបាលខេត្ត បង្កើនការចុះផ្សព្វផ្សាយ និងធ្វើយុទ្ធនាការបង្ការជំងឺនៅតាមតំបន់ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែទាំសុខភាពកូនចៅ។
ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមធ្វើអនាម័យ និងសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ជាពិសេសនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ញឹកញាប់ និងអាចបង្កើតកន្លែងទឹកដក់ ដែលជាប្រភពកើតដង្កូវមូស។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើកូនចៅមានអាការៈគ្រុនក្តៅ ឬសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវនាំទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ហើយគួរចៀសវាងការទិញថ្នាំមកប្រើដោយខ្លួនឯង ដោយគ្មានការណែនាំពីគ្រូពេទ្យ។
លោក ប៉ែន សុបុល តំណាងប្រជាពលរដ្ឋនៅឃុំក្បាលរមាស បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការរបស់មន្ទីរសុខាភិបាល និងបានប្តេជ្ញាផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន ដើម្បីកាត់បន្ថយការកើតមានមូសខ្លា។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង មានករណីជំងឺគ្រុនឈាមសរុបចំនួន ៧៣៣ករណី ក្នុងនោះ៖ ក្រុងស្ទឹងត្រែង ២០៣ករណី, ស្រុកសេសាន ២០១ករណី, ស្រុកថាឡាបរិវ៉ាត់ ១១៩ករណី, ស្រុកសៀមបូក ៨៨ករណី, ស្រុកបុរីអូរស្វាយសែនជ័យ ៣៦ករណី និងស្រុកសៀមប៉ាង ៧ករណី។
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាអនាម័យ សម្អាតបរិស្ថាន និងកម្ចាត់ប្រភពដង្កូវមូស គឺជាវិធានការសំខាន់មួយក្នុងការកាត់បន្ថយការឆ្លង និងការរាតត្បាតជំងឺគ្រុនឈាមនៅក្នុងសហគមន៍។
ដោយ៖ កុល សារត្ន័ | សហការី រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦















