នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុះល្បាតក្នុងមូលដ្ឋាន និងសម្របសម្រួលករណីហិង្សាក្នុងគ្រួសារ ព្រមទាំងអប់រំប្រជាពលរដ្ឋអំពីសុវត្ថិភាពសង្គម
ភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ត្រី នាង ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានបន្តចុះល្បាត និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៧: ២៥នាទី លោកអនុសេនីយ៍ឯក កែវ ពន្លឺ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ចុះល្បាតតាមមូលដ្ឋានក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានក្នុងមូលដ្ឋាន។
ក្នុងអំឡុងពេលចុះល្បាត កម្លាំងបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណី ហិង្សាក្នុងគ្រួសារ ដែលកើតមាននៅក្នុងគ្រួសារមួយរស់នៅលើចិញ្ចើមផ្លូវ ស្ថិតក្នុងភូមិខ្វាវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីសម្របសម្រួល និងអប់រំណែនាំភាគីពាក់ព័ន្ធ ដោយបានបញ្ចប់ករណីប្រកបដោយសន្តិវិធី ព្រមទាំងណែនាំឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងចេះអធ្យាស្រ័យ ស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ជាមួយគ្នានេះ លោកអនុសេនីយ៍ឯក កែវ ពន្លឺ ក៏បានធ្វើការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន និងបារីអេឡិចត្រូនិច ព្រមទាំងបញ្ហាពាក់ព័ន្ធនឹង ក្មេងទំនើង ការគោរពច្បាប់ចរាចរណ៍ និងគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបញ្ហាសង្គមផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
កម្លាំងនគរបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ ប្រសិនបើមានបញ្ហា ឬសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។
សម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហា ឬត្រូវការស្នើសុំជំនួយពីសមត្ថកិច្ច អាចទំនាក់ទំនងមក ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង តាមរយៈលេខទូរស័ព្ទ 078 33 69 93 (Hotline)។
ការចុះល្បាតជាប្រចាំ និងការចូលរួមសហការពីប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន៕










