លោក ឈួន បូរី៖ សារព័ត៌មានមានសារៈសំខាន់ មិនអាចខ្វះបាន និងនាំយកអំណោយជួយបងប្អូនអ្នកសារព័ត៌មានដែលជួបការខ្វះខាត

 លោក ឈួន បូរី៖ សារព័ត៌មានមានសារៈសំខាន់ មិនអាចខ្វះបាន និងនាំយកអំណោយជួយបងប្អូនអ្នកសារព័ត៌មានដែលជួបការខ្វះខាត


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈួន បូរី  ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប នៅស្នាក់ការសមាគមសារព័ត៌មានឈុន ពេជ្រ ជាយដែន។

ក្នុងឱកាសនោះ លោក ឈួន បូរី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកជូនដល់បងប្អូនអ្នកសារព័ត៌មាន ដោយបានលើកឡើងថា សារព័ត៌មានគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល និងសង្គមជាតិ ដែលមិនអាចខ្វះបាន។

លោកបានបន្តថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជួរមុខ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន និងចូលរួមចំណែកជួយដល់កងកម្លាំងកម្ពុជា ក្នុងអំឡុងពេលមានការប្រឈមមុខនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក ក៏ដូចជាស្ថានភាពបច្ចុប្បន្ន។

លោក ឈួន បូរី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្ញើក្តីនឹករលឹក សួរសុខទុក្ខ និងពាក្យអរគុណដោយក្តីស្រឡាញ់ជូនចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ហើយចាត់ទុកវិស័យសារព័ត៌មានថា មានតួនាទីសំខាន់ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។

ជាមួយគ្នានេះ ដោយមើលឃើញពីជីវភាពរបស់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលនៅមានការខ្វះខាត លោក ឈួន បូរី បាននាំយកអំណោយមួយចំនួនមកចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងជួបការលំបាក រួមមាន អង្ករ ៣០ការ៉ុង ក្នុងមួយការ៉ុងទម្ងន់ ២៥គីឡូក្រាម, មី ៣០កេស និងសាច់បន្លែមួយចំនួន។

លោកបានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តស្វែងរកសប្បុរសជន និងអ្នកមានទឹកចិត្តសប្បុរស ដើម្បីចូលរួមជួយគាំទ្រដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាត ឱ្យបានបន្តទៀតតាមលទ្ធភាព។

ក្នុងឱកាសនោះដែរ លោក ឈួន បូរី ក៏បានអំពាវនាវដល់បងប្អូនគ្រួសារអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា តាមសង្កាត់ដែលខ្លួនរស់នៅ។

ជាការឆ្លើយតប លោក ឈុន ពេជ្រ ប្រធានសមាគមសារព័ត៌មានឈុន ពេជ្រ ជាយដែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ឈួន បូរី និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភដល់សមាគម ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពកន្លងមក។

លោក ឈុន ពេជ្រ និងបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានសម្តែងការអរគុណចំពោះការគាំទ្រ និងការយកចិត្តទុកដាក់នេះ ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការរួមចំណែករបស់គ្រប់ភាគី ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងសង្គម។

សកម្មភាពជួបសំណេះសំណាល និងការចែករំលែកអំណោយនេះ ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះបងប្អូនអ្នកសារព័ត៌មានដែលកំពុងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ៕