ទំនិញ​គ្រប់ប្រភេទ ចំនួន២២៥គីឡូក្រាមត្រូវដុតបំផ្លាញចោល

 ទំនិញ​គ្រប់ប្រភេទ ចំនួន២២៥គីឡូក្រាមត្រូវដុតបំផ្លាញចោល


​       
       ខេត្ត​ស្ទឹងត្រែង៖  ទំនិញខូចគុណភាព និងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ ​សរុបចំនួន ២២៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែង​បន្លំ ហៅកាត់ថា(ក.ប.ប.) ខេត្តស្ទឹងត្រែង ​ដុតបំផ្លាញចោល  ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋលើកកម្ព​ស់​ប្រុងប្រយ័ត្ន  នៅពេលទិញយកទៅប្រើប្រាស់ ។
       ក្នុងសកម្មភាពដុតចោលនៅទំនិញខូចគុណភាពធ្វើឡើងនៅរណ្តៅដី ស្ថិតនៅ​វាលព្រលានយន្តហោះ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង​ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨កញ្ញា ២០២៦កន្លងមកនេះ លោក ហេង មាលី ប្រធាន ក.ប.ប. សាខាខេត្ត​បានបញ្ចាក់ថា ​​ ទំនិញ​ទាំងនោះ គឺបានមកពី​លទ្ធផលនៃការចុះត្រួតពិនិត្យ និងប្រមូលដកហូតពីទីផ្សារ ផ្ទះអាជីវករ ហាងម៉ាត និងហាងលក់ទំនិញនានា នៅក្នុងខេត្ត ​រយៈពេល៩ខែឆ្នាំ២០២៦ កន្លងមកនេះ។
       លោកបន្តថា៖ការបំផ្លាញចោល ​ក្នុងគោលបំណងបង្ហាញទៅដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ និងលក់រាយទាំងអស់ មុននាំទំនិញចូលមកលក់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់រាល់ផលិតផលទំ
​និញ​ឱ្យស្គាល់​ប្រភពផលិតត្រឹមត្រូវ ។
       លោក​ពិនិត្យឃើញថាមានទំនិញមួយចំនួនបងប្អូនអាជីវករបានលួចលាយបន្ថែមនូវសារធាតុគីមីហាមឃាត់  ដែលគ្មានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផលម្ហូបអាហារ ​ ជាហេតុបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់  ករណីនេះត្រូវ ហាមឃាត់ជាដាច់ខាត  ​។
​      លោកស្រីចាន់ រដ្ឋា អ្នកលក់ចំណីអាហារនៅផ្សារថ្មីក្រុងស្ទឹងត្រែង ហៅផ្សារអូឬស្សី បានគាំទ្រ
មន្ត្រីជំនាញ​​អនុវត្តការងារនេះបានល្អ  ព្រោះបានជំរុញឱ្យបងប្អូនអាជីវក​រយកចិត្តទុកដាក់នាំទំនិញល្អៗយកមកលក់​  ហើយអ្នកទិញយកទៅប្រើប្រាស់ និងបរិភោគគ្មានផលប៉ះពាល់ដល់សុខភាពផងដែរ។​​
         សូមញ្ជាក់ថា៖ជាមួយនិងការដុតចោលទំនិញខូចគុណភាពនេះ មន្ត្រី ក.ប.ប. សាខាខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ​ប្រសិនបើប្រទះឃើញ ឬសង្ស័យមានការចរាចរណ៍ផលិតផលបង្កផលប៉ះពាល់ដល់សុខភាព សូមជួយផ្តល់ព័ត៌មានបន្ទាន់តាមរយៈប្រព័ន្ធ Hot line លេខ ១២ ៦៦ របស់ក្រសួងពាណិជ្ជកម្ម ដើម្បី​រួមសហការ​គ្នាលប់បំបាត់ទំនិញក្លែងក្លាយ ៕
ដោយ កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំខត្ត ស្ទឹងត្រែង ថ្ងៃទី១៩ កញ្ញាឆ្នាំ២០២៦