អភិបាលខេត្តស្ទឹងត្រែងជំរុញ ឱ្យសិស្សប្រឡងចប់ រើសជំនាញរៀនឱ្យពិតប្រាកដ

 អភិបាលខេត្តស្ទឹងត្រែងជំរុញ

ឱ្យសិស្សប្រឡងចប់ រើសជំនាញរៀនឱ្យពិតប្រាកដ


 ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែង បានផ្ញើសារទៅ ​បេក្ខជនប្រឡងចប់​សញ្ញាបត្រមធ្យមសិកស្សាទុតិយភូមិ ​ចូរក្មួយៗ ត្រូវចាប់យកចំណេះដឹងជាមុខជំនាញមួយពិតប្រាកដហើយខិតខំរៀន​ និងមិនត្រូវ​យកកត្តាជីវភាពមកកំណត់ជាមួយការសិក្សានោះទេ។
       ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តបង្រៀនក្នុងវគ្គបំប៉ន នៃការប្រឡងសញ្ញាបត្រមធ្យមសិកស្សាទុតិយភូមិ ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២០កញ្ញាឆ្នាំ២០២៦ ឯកឧត្តម សរសុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ក្មួយៗដែលប្រឡងចប់សញ្ញាបត្រមធ្យមសិកស្សាទុតិយភូមិ​ ត្រូវជ្រើសរើសយកជំនាញណាមួយឱ្យបានច្បាស់​ត្រូវតាមចំណង់ចំណូលចិត្ត ហើយឱ្យត្រូវតាមស្ថានភាព នៃការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន។
   ឯកឧត្តមមានប្រសាសន៍ទៀតថា៖ ជាមួយគ្នានេះ​​មាតាបិតា អាណាព្យាបាលទាំងអស់ ទោះជួបការលំបាកយ៉ាងណាក៏ដោយ ដើម្បីផ្លាស់ប្ដូរជីវភាពគ្រួសារយើងបាន មានតែបញ្ជូនកូនឲ្យទៅរៀនឱ្យមានចំណេះដឹងទើបល្អប្រសើរ​​ (សំឡើង) អញ្ចឹងទេកុំយកបញ្ហាជីវភាព ថាខ្ញុំក្រណាស់ខ្ញុំមិនអាច​ ឲ្យកូនខ្ញុំទៅរៀនបានទេ​ នោះខុសហើយ  នៅស្ទឹងត្រែងមានគ្រួសារមួយ ឪពុកពិការម្ដាយធាក់កង់ចាស់មួយ លក់ដូរទំនិញចិញ្ចឹមកូន​ ហើយម្ដាយឱ្យលុយមួយថ្ងៃតែមួយម៉ឺនទេ​ កូនត្រូវឆ្លងទូកដផង ទៅដើម្បីរៀននៅវិទ្យាល័យ ​ មានពេលខ្លះជំពាក់លុយគេទៀត​ រៀនក៏ជំពាក់ទៀត ចំណែកគ្រូក៏ល្អឲ្យជំពាក់បានទៀត ។
     យុវសិស្សឡាយ សុខវិច្ឆិកា សិស្សរៀនពូកែប្រឡងជាប់និទ្ទេស A បានទទួលយកប្រសាសន៍ដាសតឿនរបស់លោកអ៊ុំអភិបាលខេត្ត  ព្រោះនេះជាការយកចិត្តទុកដាក់ជួយតម្រង់ទិសឆ្ពោះទៅរកទស្សនាទានមួយ ក្នុងការរៀបចំផែនការជីវិត។
       សូមបញ្ជាក់ថា៖ ចូលរួមជាមួយការរៀបចំផែនការនេះ អភិបាលខេត្ត បានកៀរគរធនធានពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ទិញបានម៉ូតូ ផ្តល់ជូនសិស្សចប់និទេ្ទស A ចំនួន៦នាក់  នៅខេត្តស្ទឹងត្រែង ក្នុងនោះម្នាក់ៗទទួលបានម៉ូតូ (ម៉ាកប៊ីគមួយគ្រឿង) សម្រាប់ជាការលើកទឹកចិត្ត និងជាមធ្យោបាយជួយដល់ការសិក្សាផងដែរ ។
                                   កុល សារត្ន័ សហការី រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែងថ្ងៃទី២០កញ្ញាឆ្នាំ២០២៦