ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដាក់ចេញវិធានការសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងសន្តិសុខ សុវត្ថិភាពនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងដាក់ចេញវិធានការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លាម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក តិល តៃលេវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងចៅសង្កាត់ទាំង៥ មេប៉ុស្តិ៍នគរបាលទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីមិនឱ្យបញ្ហាអសន្តិសុខកើតមានឡើងក្នុងមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់លើសមត្ថកិច្ច។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានដាក់ចេញនូវវិធានការសំខាន់ៗ រួមមាន៖
ទី១៖ ត្រូវស្រាវជ្រាវ និងកំណត់ឱ្យបានច្បាស់លាស់នូវទីតាំងហាងបញ្ចាំ និងទីតាំងទទួលទិញទំនិញផ្សេងៗទាំងអស់ក្នុងក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យ។
ទី២៖ ត្រូវចាត់វិធានការចំពោះក្រុមយុវជន ឬក្មេងដែលប្រព្រឹត្តសកម្មភាពមិនប្រក្រតី និងការជួបជុំដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ទី៣៖ ត្រូវបង្កើនការបង្ការ និងបង្ក្រាបសកម្មភាពចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយអនុវត្តវិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។
ទី៤៖ ត្រូវទប់ស្កាត់ក្រុមក្មេងទំនើង និងសកម្មភាពបង្ហោះម៉ូតូ ឆក់ កាប់ ប្លន់ ឬលួចយកម៉ូតូ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត។
ទី៥៖ ត្រូវយកចិត្តទុកដាក់ចំពោះអនីតិជនក្រោមអាយុ១៨ឆ្នាំដែលជិះម៉ូតូដោយគ្មានកញ្ចក់ ឬគ្មានផ្លាកលេខ ព្រមទាំងទប់ស្កាត់ការជួបជុំគ្នាច្រើននៅពេលយប់ និងយប់ជ្រៅ ដែលអាចបង្កហានិភ័យដល់សន្តិសុខសង្គម។
ទី៦៖ ត្រូវបង្ការ និងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនឹងសកម្មភាពលួច កាត់ និងបំផ្លាញខ្សែភ្លើងនៅក្នុងក្រុងប៉ោយប៉ែត ដោយត្រូវធ្វើការស៊ើបអង្កេតឱ្យបានល្អិតល្អន់ និងចាត់វិធានការតាមច្បាប់។
ក្រៅពីនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសង្កត់ធ្ងន់ថា រាល់សកម្មភាពបង្ក្រាបបទល្មើសដែលសមត្ថកិច្ចអនុវត្តបាន គួរត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីសកម្មភាពការពារសន្តិសុខរបស់សមត្ថកិច្ច និងបង្កើនភាពកក់ក្តៅ ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងមានសមត្ថកិច្ច។
ជាមួយគ្នានេះ លោក លាម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ បានណែនាំថា ចំពោះទីតាំងប្រកបអាជីវកម្មបញ្ចាំ និងទទួលទិញទំនិញ ត្រូវត្រួតពិនិត្យអត្តសញ្ញាណអ្នកយកទំនិញមកបញ្ចាំ ឬលក់ និងត្រូវមានឯកសារបញ្ជាក់ប្រភពទ្រព្យសម្បត្តិឱ្យបានច្បាស់លាស់។ មិនត្រូវទទួលបញ្ចាំ ឬទិញទំនិញដែលពុំមានឯកសារត្រឹមត្រូវឡើយ។
លោក លាម សូដា បានបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរកឃើញទីតាំងបញ្ចាំ ឬទទួលទិញទំនិញណាមួយមិនសហការ ឬមិនអនុវត្តតាមច្បាប់ ត្រូវចាត់វិធានការតាមសមត្ថកិច្ច និងនីតិវិធីច្បាប់ជាធរមាន។
លោកក៏បានស្នើឱ្យមេប៉ុស្តិ៍ និងកងកម្លាំងពាក់ព័ន្ធធ្វើបច្ចុប្បន្នភាពទីតាំង (Location) នៃហាងបញ្ចាំ និងទីតាំងទទួលទិញទំនិញទាំងអស់ក្នុងក្រុងប៉ោយប៉ែត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងស្រាវជ្រាវនៅពេលចាំបាច់។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់ចៅសង្កាត់ទាំង៥ មេប៉ុស្តិ៍ទាំង៥ និងកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានជំរុញឱ្យមេប៉ុស្តិ៍ពាក់ព័ន្ធ ពិនិត្យ និងស៊ើបអង្កេតឡើងវិញចំពោះករណីជម្លោះរវាងអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមនីតិវិធី ប្រសិនបើរកឃើញមានការប្រព្រឹត្តខុសច្បាប់ ដោយសារករណីនេះបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងកិច្ចសហការរវាងអាជ្ញាធរ សមត្ថកិច្ច និងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងធានាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត។







