ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃនៅវត្តព្រែកថ្លឹង និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងវីរកងទ័ពពលី

 

ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃនៅវត្តព្រែកថ្លឹង និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងវីរកងទ័ពពលី


រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តព្រែកថ្លឹង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រី ជាប្រធាន និងអនុប្រធានភូមិ យុវជន ស.ស.យ.ក. និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីចូលរួមចំណែកក្នុងពិធីបុណ្យកាន់បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ជាមួយគ្នានេះ ក៏បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីនាពេលកន្លងមក ដើម្បីជាការរំលឹកដល់គុណបំណាច់ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ។


ក្រៅពីការប្រគេនទេយ្យទានដល់ព្រះសង្ឃ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានប្រគល់ថវិកាជូនដល់លោកតា លោកយាយ ពុទ្ធបរិស័ទ កងកម្លាំងដែលបំពេញភារកិច្ចការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី និងកុមារា កុមារី ដែលបានអញ្ជើញចូលរួមក្នុងពិធីផងដែរ។


សកម្មភាពនេះបានបង្ហាញពីសទ្ធាជ្រះថ្លាក្នុងការប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រមទាំងស្មារតីចែករំលែក និងការយកចិត្តទុកដាក់ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕