ប្រជាពលរដ្ឋព្រួយបារម្ភចំពោះការអះអាងថា មានទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញនៅស្រុកកញ្ចៀច ខេត្តព្រៃវែង

 ប្រជាពលរដ្ឋព្រួយបារម្ភចំពោះការអះអាងថា មានទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញនៅស្រុកកញ្ចៀច ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋមួយចំនួននៅស្រុកកញ្ចៀច ខេត្តព្រៃវែង បានបង្ហាញការព្រួយបារម្ភចំពោះសេចក្តីរាយការណ៍អំពីសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ប្រភេទជល់មាន់ និងឡូតូ ដែលត្រូវបានអះអាងថា កំពុងដំណើរការនៅទីតាំងមួយចំនួនក្នុងមូលដ្ឋាន ដោយមានការភ្នាល់ប្រាក់ចាប់ពីរាប់សិបម៉ឺនរៀលរហូតដល់រាប់រយដុល្លារក្នុងមួយគូ។
យោងតាមព័ត៌មានដែលអង្គភាពសារព័ត៌មានទទួលបាន ទីតាំងដែលត្រូវបានរាយការណ៍មានដូចជា ទីតាំងនៅផ្សារកញ្ចៀច ក្នុងផ្ទះដែលគេស្គាល់ថាជាផ្ទះគ្រូសម្បត្តិ និងត្រូវបានគេអះអាងថា មានបុគ្គលម្នាក់ឈ្មោះ «ពន្លឺ ហៅបុល» ជាអ្នកគ្រប់គ្រង។ ទីតាំងមួយទៀតស្ថិតនៅភូមិគោករការ ឃុំព្រាល ស្រុកកញ្ចៀច ដែលត្រូវបានរាយការណ៍ថា ជាផ្ទះរបស់បុគ្គលឈ្មោះតាឆាំ។ ចំណែកទីតាំងមួយទៀត ត្រូវបានរាយការណ៍ថា ស្ថិតនៅផ្ទះតាថុល ក្នុងភូមិព្រាលមួយ ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។
ប្រភពព័ត៌មានខាងលើបានអះអាងថា ទីតាំងទាំងនេះមានអ្នកចូលរួមលេងភ្នាល់ពីតំបន់ជិតឆ្ងាយ។
ទោះជាយ៉ាងណា ព័ត៌មានទាំងនេះនៅត្រូវការការផ្ទៀងផ្ទាត់ពីសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ពីស្ថានភាពជាក់ស្តែង និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថា មានបទល្មើសកើតឡើងពិតប្រាកដ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មានរស្មីញូស៍បានព្យាយាមទាក់ទងទៅលោកអនុសេនីយ៍ឯក សូ សុខា នាយនគរបាលប៉ុស្តិ៍កញ្ចៀច លោកវរសេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រុកកញ្ចៀច និងលោកវរសេនីយ៍ត្រី ឥន្ទ វិរឹទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកញ្ចៀច តាមប្រព័ន្ធតេឡេក្រាម ដើម្បីស្នើសុំការបំភ្លឺ និងការឆ្លើយតបពាក់ព័ន្ធនឹងព័ត៌មាននេះ។ ប៉ុន្តែគិតត្រឹមពេលរៀបចំផ្សាយ អង្គភាពសារព័ត៌មានមិនទាន់ទទួលបានការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធទាំងនេះនៅឡើយទេ។
ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពិនិត្យស្រាវជ្រាវលើព័ត៌មានដែលបានរាយការណ៍ខាងលើ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការស្របតាមច្បាប់ ប្រសិនបើរកឃើញថា មានការបើកល្បែងស៊ីសងខុសច្បាប់។ ការស្នើសុំនេះធ្វើឡើងក្នុងគោលបំណងចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមានពីល្បែងស៊ីសងខុសច្បាប់។
គួរបញ្ជាក់ថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងកម្ពុជា បានចែងអំពីការទទួលខុសត្រូវ និងទោសប្បញ្ញត្តិចំពោះសកម្មភាពល្បែងស៊ីសងខុសច្បាប់។ ដូច្នេះ ការអនុវត្តច្បាប់គួរតែផ្អែកលើការស្រាវជ្រាវ និងភស្តុតាងជាក់លាក់ ដើម្បីធានាថា អ្នកប្រព្រឹត្តបទល្មើសត្រូវបានចាត់ការតាមនីតិវិធីច្បាប់។
អង្គភាពសារព័ត៌មានរស្មីញូស៍ សង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនឹងយកចិត្តទុកដាក់ចំពោះសេចក្តីរាយការណ៍នេះ និងចុះពិនិត្យស្រាវជ្រាវតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ អង្គភាពសារព័ត៌មានរស្មីញូស៍ រក្សាសិទ្ធិវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មានដោយផ្អែកលើការរាយការណ៍ និងការរិះគន់ក្នុងន័យស្ថាបនា ដោយមិនមានចេតនាចោទប្រកាន់ ឬប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ឬស្ថាប័នណាមួយដោយគ្មានមូលដ្ឋានឡើយ។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ ឬការឆ្លើយតបពីភាគីពាក់ព័ន្ធ ដើម្បីផ្សាយជូនសាធារណជនតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕