ប្រកាសតែងតាំងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលត្រូវបានតែងតាំងឱ្យទៅបំពេញភារកិច្ចថ្មី ជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនផងដែរ។
ការតែងតាំងនេះ គឺមានគោលបំណងពង្រឹងការដឹកនាំ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់កងកម្លាំងនគរបាលខេត្ត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
ប្រភពបានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ គឺជាមន្ត្រីនគរបាលដែលមានបទពិសោធន៍ និងបានបំពេញភារកិច្ចជាច្រើនក្នុងវិស័យសន្តិសុខ និងការពារសុវត្ថិភាពសង្គមកន្លងមក៕








