បែកធ្លាយទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ បើកលេងគគ្រឹកគគ្រេងនៅក្រុងបានលុង ខេត្តរតនគិរី
ខេត្តរតនគិរី ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។ សកម្មភាពនេះត្រូវបានគេអះអាងថា បានចាប់ផ្តើមបើកដំណើរការចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មក។
តាមប្រភពដដែលបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ត្រូវបានរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ ឡ ស ណ រួមជាមួយដៃគូឈ្មោះ ង ស វ ណ ហៅ អូនធំ ខណៈបុគ្គលម្នាក់ទៀតឈ្មោះ ម ស ត្រូវបានគេអះអាងថា ជាអ្នកជំនិតដែលទទួលបន្ទុករៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងទាំងមូល។
ប្រភពបានបន្តថា នៅទីតាំងខាងលើ មានការរៀបចំល្បែងស៊ីសងជាច្រើនប្រភេទ ដូចជា យូគី, អាប៉ោង និង ជល់មាន់ ដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើនរៀងរាល់ថ្ងៃ បង្កឲ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺទីតាំងល្បែងនេះត្រូវបានបើកដំណើរការយ៉ាងចំហរ ហាក់ដូចជាមិនមានការទប់ស្កាត់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋ និងមហាជនបានលើកជាសំណួរថា តើមានខ្សែធំៗនៅពីក្រោយ ឬយ៉ាងណា ទើបទីតាំងល្បែងស៊ីសងខុសច្បាប់នេះអាចបើកដំណើរការបានយ៉ាងរលូនបែបនេះ?
ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បច្ចុប្បន្ន សារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធខាងលើបាននៅឡើយទេ។ ប្រសិនបើមានការបំភ្លឺណាមួយ សារព័ត៌មានយើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់៕







