អភិបាលរងខេត្តក្រចេះ ដឹកនាំក្រុមការងារចុះពិនិត្យករណីចូលរំលោភកាន់កាប់ដីសម្បទានសង្គមកិច្ច នៅឃុំក្បាលដំរី
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះពិនិត្យជាក់ស្តែងករណីប្រជាពលរដ្ឋមួយចំនួន បានចូលរំលោភទន្ទ្រានកាន់កាប់ឡូត៍ដីកសិកម្ម ដែលជាដីសម្បទានសង្គមកិច្ចក្នុងគម្រោង LASED III ស្ថិតនៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ហេង សុថា បានធ្វើការណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋថា ដីក្នុងគម្រោងសម្បទានសង្គមកិច្ច គឺត្រូវបានរៀបចំសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលខ្វះដីធ្លីពិតប្រាកដ និងស្ថិតក្នុងលក្ខខណ្ឌដែលបានកំណត់ដោយរាជរដ្ឋាភិបាលប៉ុណ្ណោះ។
ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋដែលគ្មានដីធ្លីសម្រាប់ធ្វើកសិកម្មពិតប្រាកដ អាចទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅសាលាឃុំដែលខ្លួនរស់នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឱ្យអាជ្ញាធរពិនិត្យ និងចាត់ចែងផ្តល់ជូនតាមនីតិវិធីច្បាប់ ដោយទទួលបានដីស្របច្បាប់ពីរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំចូលរំលោភទន្ទ្រាន ឬកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងវិធានការផ្លូវច្បាប់ និងប៉ះពាល់ដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សង្គមកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ៕











