ភ្ញៀវទេសចរជាង ២១លាននាក់ ដើរលេងកម្សាន្តក្នុងអំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២១លាននាក់ បានចូលរួមដើរលេងកម្សាន្តនៅតាមបណ្តារាជធានី និងខេត្តទូទាំងប្រទេស ដែលបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជា។
តាមរបាយការណ៍បានបញ្ជាក់ថា ចំនួនសរុបភ្ញៀវមានប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងនោះរួមមាន ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៩,៨៧៥,៨០៥ នាក់ និងទេសចរបរទេសប្រមាណ ៧១,១៩១ នាក់។
ជាមួយគ្នានេះ រាជធានី និងខេត្តចំនួន ៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖
* រាជធានីភ្នំពេញ ប្រមាណ ៤,៤០២,០៩២ នាក់
* ខេត្តកំពង់ចាម ប្រមាណ ៤,១៧៨,៦២៣ នាក់
* ខេត្តព្រៃវែង ប្រមាណ ២,៣២៣,០៩៦ នាក់
* ខេត្តសៀមរាប ប្រមាណ ១,៧៩២,៤៣៨ នាក់
* ខេត្តកំពង់ស្ពឺ ប្រមាណ ១,៧១២,០០០ នាក់
ទិន្នន័យនេះបង្ហាញថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតែជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន ឱ្យចូលរួមសប្បាយរីករាយ និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកយ៉ាងមានប្រសិទ្ធភាព៕












