ទិដ្ឋភាពនគរសង្រ្កាន្តថ្ងៃទី២ អបអរសាទរថ្ងៃវារៈវ័នបត ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (ថ្ងៃវារៈវ័នបត) ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» បានក្លាយជាកន្លែងប្រមូលផ្តុំមនុស្សយ៉ាងច្រើនកុះករ ដោយមានបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ បាននាំគ្នាមកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ក្នុងបរិយាកាសពេញទៅដោយភាពរីករាយ និងស្និទ្ធស្នាល អ្នកចូលរួមបានរីករាយជាមួយសកម្មភាពនានា ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិដ៏សម្បូរបែប និងបន្តរក្សាប្រពៃណីអោយបានរឹងមាំ។
ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» មិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់មួយក្នុងការចងក្រងសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ផងដែរ។
ទិដ្ឋភាពនៅថ្ងៃទី២នេះ បង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្ម និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដែលធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម និងមានអត្ថន័យជ្រាលជ្រៅក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ៕














