ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំ ពង្រឹងសន្តិសុខបន្តក្រោយថ្ងៃដំបូងនគរសង្ក្រាន្តជោគជ័យ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីតាមដាន និងវាយតម្លៃស្ថានភាពទូទៅនៃការរៀបចំព្រឹត្តិការណ៍ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានី។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១ កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ និងមានការចូលរួមគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរាជធានី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានរឹងមាំ ដើម្បីធានាឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចូលរួមអបអរសាទរបុណ្យបានដោយសុខសាន្ត និងសុវត្ថិភាពក្នុងអំឡុងពេលថ្ងៃបន្តទៀត៕










