សេចក្តីបំភ្លឺព័ត៌មាន៖ ក្នុងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និង ចែករំលែកនូវព័ត៌មានមិនពិត ករណីសង្ស័យមានការបើកដៃឱ្យបូមរ៉ែមាសខុសច្បាប់ក្នុងខេត្តរតនគិរី ខណៈបុគ្គលម្នាក់ត្រូវចោទថា ជាអ្នករត់ការបិទមាត់សមត្ថកិច្ច ជារឿងមិនពិត។
ក្រសួងបរិស្ថានសូមធ្វើការបដិសេធ ការផ្សាយរបស់សារព័ត៌មានខាងលើ និងសូមធ្វើការបំភ្លឺជូន ថាមន្ត្រីជំនាញបានចុះពិនិត្យនិងយកចំណុចនិយាមកា ដែលបានចុះផ្សាយមកផ្ទៀងផ្ទាត់ និងរកឃើញ ថាទីតាំងនេះ មិនស្ថិតនៅក្នុងតំបន់ការពារធម្មជាតិទេ។ ទីតាំងនេះស្ថិតក្នុងតំបន់គម្រោងអាជីវកម្មខ្សាច់ សំណង់ របស់សហគ្រាសបញ្ញារិទ្ធិ នៅភូមិសាស្ត្រភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញ ចុះពិនិត្យសិក្សាទីតាំងជាក់ស្តែង និងបាន ជួបពិភាក្សាពីគ្រោះយោបល់ ជាមួយអាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធ។ មន្ត្រីជំនាញបានរកឃើញថា ក្រុមហ៊ុនមានអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម លេខ១២៤៣២ រថ.អខស.អប ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងរ៉ែ និងថាមពល និងកិច្ចសន្យាការពារបរិស្ថាន តាមរយៈលិខិតលេខ ១០៤២០/១២២៤ ប.ស្ថ/វហប ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថានរួចហើយដែរ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបព័ត៌មាន និងសូមកុំជឿលើសារ ព័ត៌មាន ដែលបានផ្សាយព័ត៌មានខុសពីការពិតជាក់ស្តែង បានធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីមានសមត្ថកិច្ច។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាន និងកំពុងបន្តអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួន ធ្វើការត្រួតពិនិត្យ និងតាមដាន លើការអនុវត្តអាជីវកម្ម របស់សហគ្រាសបញ្ញារិទ្ធិផងដែរ។ ក្នុងករណីពិនិត្យឃើញថា គម្រោងអាជីវកម្ម ប្រព្រឹត្តផ្ទុយនឹងគោល ការណ៍បច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន និងក្រមបរិស្ថាននិងធនធានធម្មជាតិ ឬ មិនអនុលោមតាមលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មនោះ ក្រសួងនឹងចាត់វិធានការច្បាប់ភ្លាមៗ។




