កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ល្បាតរឹតបន្តឹងសន្តិសុខ និងបង្ក្រាបយានយន្តកែច្នៃខុសច្បាប់ នៅពេលយប់
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌ៧មករា ចុះអនុវត្តការងារល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ នៅតាមទីតាំងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានផ្តោតសំខាន់លើការបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសលើរថយន្ត និងម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស ព្រមទាំងករណីបើកបរល្បឿនលឿនលើសកំណត់ក្នុងតំបន់ទីប្រជុំជន ដែលជាអំពើល្មើសច្បាប់ បង្កឲ្យមានសម្លេងរំខាន បង្កការភ័យខ្លាច និងប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។
សកម្មភាពល្បាតនេះ មានគោលបំណងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់អំពើអនាធិបតេយ្យលើដងផ្លូវ ដើម្បីធានាឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ ក្នុងរាជធានីភ្នំពេញ។






















