គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធល្បែងស៊ីសង នៅខណ្ឌទួលគោក មិនរកឃើញបទល្មើស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីមានព័ត៌មានផ្សាយថា ទីតាំងនេះសង្ស័យបើកលេងល្បែងស៊ីសងខុសច្បាប់។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានពិនិត្យស្ថានភាពជាក់ស្ដែងនៅក្នុងទីតាំង ដោយរកឃើញមានតារាងបាល់ទះចំនួន២ បន្ទប់ដេក៣ បន្ទប់ធំ១ ឃ្លាំងសម្ភារៈ១ និងផ្ទះបាយ១។ ទោះយ៉ាងណា តាមការត្រួតពិនិត្យជាក់ស្ដែង មិនបានរកឃើញសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ដូចការសង្ស័យនោះឡើយ។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ កម្លាំងចម្រុះបានធ្វើការណែនាំដល់តំណាងម្ចាស់ទីតាំង គឺលោកស្រី វ៉ាង ស្រីកា អាយុ២១ឆ្នាំ ឱ្យគោរពតាមលក្ខខណ្ឌច្បាប់យ៉ាងតឹងរឹង ដោយមានការណែនាំសំខាន់ៗរួមមាន៖
១- ហាមឃាត់មិនឱ្យប្រើប្រាស់ទីតាំងសម្រាប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
២- ហាមឃាត់ការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
៣- ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការផ្អាកអាជីវកម្មជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់។
អាជ្ញាធរបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕










