រដ្ឋបាលក្រុងស្ទឹងត្រែង បើកយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងបន្ថយការកកស្ទះចរាចរណ៍
ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានបើកយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅតាមដងផ្លូវជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង កែលម្អបរិស្ថាន និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ថាវ ប៊ុនថេន អនុគណៈបញ្ជាការឯកភាពក្រុង ក្រោមការសម្របសម្រួលរបស់អាជ្ញាធរក្រុងស្ទឹងត្រែង ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអធិការកិច្ច និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជុំវិញផ្សារសាមគ្គី។
អាជ្ញាធរក្រុងបានបញ្ជាក់ថា មុនពេលចាប់ផ្តើមអនុវត្តវិធានការនេះ រដ្ឋបាលក្រុងស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹង និងផ្សព្វផ្សាយណែនាំជាមុនដល់បងប្អូនអាជីវករ និងអ្នកប្រកបរបរលក់ដូរទាំងអស់ ដោយបានកំណត់ឱសានវាទត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ និងផ្លាស់ប្តូរទីតាំងលក់ដូរឱ្យសមស្រប។
ការចុះរៀបចំសណ្តាប់ធ្នាប់នៅពេលនេះ គឺផ្តោតសំខាន់លើការទប់ស្កាត់ការរំលោភយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ការរៀបចំចរាចរណ៍ឱ្យមានសណ្តាប់ធ្នាប់ និងធានាឱ្យបរិវេណជុំវិញផ្សារមានអនាម័យល្អ ស្អាត និងមានរបៀបរៀបរយ។
ជាមួយគ្នានេះ អាជ្ញាធរក្រុងស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនអាជីវករ អ្នកលក់ដូរ ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការឱ្យបានខ្ពស់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងមិនត្រូវរំលោភយកចំណីផ្លូវធ្វើជាទីតាំងលក់ដូរនោះទេ ដើម្បីរួមគ្នាកសាងទីក្រុងស្ទឹងត្រែងឱ្យក្លាយជាទីក្រុងស្អាត មានសោភ័ណភាពល្អ បរិស្ថានប្រសើរ និងគួរជាទីមោទនៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
ដោយ៖ កុល សារត្ន័ / ខេត្តស្ទឹងត្រែង
ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦




